ក្រោយផ្ទេរទៅ Muangthong ភ្លាម Dang Van Lam ក្លាយជាអ្នកចាំទីដែលមានតម្លៃខ្លួនខ្ពស់ជាងគេនៅលីគថៃ

មាស សុផាណារ៉ុង February 8, 2019


ថៃ៖ ក្លឹបនៃលីគកំពូលថៃ Muangthong United ទើបតែសម្រេចការចុះកិច្ចសន្យា ក៏ដូចជាប្រកាសពីការផ្ទេរចូលរបស់អ្នកចាំទីកូនកាត់វៀតណាម-រុស្ស៊ី Dang Van Lam ជាផ្លូវការកាលពីម្សិលមិញ ខណៈក្រោយប្រកាសភ្លាមកីឡាករវ័យ២៥ឆ្នាំរូបនេះ បានក្លាយជាអ្នកចាំទីដែលមានតម្លៃខ្លួនខ្ពស់ជាងគេនៅលីគថៃតែម្តង។ ដូចនេះ Dang Van Lam បានបំបែកកំណត់ត្រារបស់កីឡាករចាស់វស្សានៃក្រុមជម្រើសជាតិថៃ Sinthaweechai Hathairattanakool កាលពីពេលដែលរូបគេបានផ្ទេរពីក្លឹប Chonburi FC ទៅកាន់ក្លឹប Suphanburi FC កាលពីឆ្នាំ២០១៦កន្លងមក។

 

ក្នុងនាមជាអ្នកចាំទីជម្រើសទី១ របស់ Muang thong United រូបគេបានក្លាយជាអ្នកចាំទីដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់លីគកំពូលថៃ តាមរយៈការផ្ទេរពីក្រុម Hai Phong FC ទៅក្រុមដែលមានរហស្សនាម The Kirins មួយនេះ ជាមួយកិច្ចសន្យារយៈពេល ៣ឆ្នាំ បូកនឹងលក្ខខណ្ឌបន្ថែម ១ឆ្នាំទៀតនិងមានតម្លៃផ្ទេររហូតដល់ ១៦លានបាត ( ប្រហាក់ប្រហែល ៥១ម៊ឺនដុល្លារអាមេរិក ) ពោលគឺបំបែកកំណត់ត្រាចាស់ របស់អ្នកចាំទី Sinthaweechai ដែលបានផ្លាស់ពី Chonburi FC ទៅកាន់ Suphanburi FC ក្នុងតម្លៃ ១៥លានបាត ( ប្រហាក់ប្រហែល ៤៨ម៊ឺនដុល្លារអាមេរិក ) កាលពីឆ្នាំ២០១៦កន្លងទៅ។

គួរបញ្ជាក់ថា ក្រៅពីតម្លៃខ្លួនផ្ទេរដែលមានកំណត់ត្រាបែបនេះ Dang Van Lam ក៏ទទួលបានអត្ថប្រយោជន៍ផ្ទាល់ខ្លួនមិនធម្មតាដែរ ពោលគឺរូបគេនឹងទទួលបានប្រាក់ឈ្នួលគួរឱ្យចាប់អារម្មណ៍បំផុត ពោលគឺ ៣៤ម៊ឺនបាត ( ប្រហែល ១ម៊ឺនដុល្លារក្នុងមួយខែ ) រួមជាមួយនឹងរថយន្ដ និងគេហដ្ឋានជាដើម។ គួរដឹងដែរថា Dang Van Lam បច្ចុប្បន្នមានវ័យ២៥ឆ្នាំ និងបានកើតនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដោយមានឪពុកជាជនជាតិវៀតណាម និងម្ដាយជាជនជាតិរុស្ស៊ី។ កីឡាករកូនកាត់រូបនេះ ធ្លាប់ជាយុវជនរបស់ក្លឹប Spartak Moscow និង Dynamo Moscow និងបានមកប្រកបអាជីពនៅវៀតណាមនៅឆ្នាំ២០១១ ដោយចាប់ផ្ដើមជាមួយ Hoang Anh Gia Lai និងចុងក្រោយនៅក្លឹប Hai Phong៕

 

រូបភាព៖ Muang thong United.FC

ប្រភព៖ smmsport

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់