ខ្សែប្រយុទ្ធថៃវ័យក្មេង ត្រលប់មកចូលរួមជាមួយ U-22 ថៃ ក្រោយហ្វឹកហាត់នៅជប៉ុន ១សប្ដាហ៍

មាស សុផាណារ៉ុង February 7, 2019


 

ថៃ៖ ខ្សែប្រយុទ្ធថៃវ័យក្មេងរបស់ Muangthong United  កីឡាករ Korrawit Tasa បានត្រលប់មកចូលរួមជាមួយក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ បន្ទាប់ពីបានធ្វើការហ្វឹកហាត់នៅប្រទេសជប៉ុន ប្រហែល១សប្ដាហ៍។

Korrawit Tasa បានទៅហ្វឹកហាត់នៅប្រទេសជប៉ុន ជាមួយក្រុមនៅលីគលំដាប់ទី២ JEF United Chiba រយៈពេល ១សប្ដាហ៍ ចំពេលដែលរូបគេក៏ត្រូវបានគ្រូបង្វឹក U-22 ថៃ លោក Alexandre da Gama កោះហៅក្នុងបញ្ជីកីឡាករ ២៣នាក់ចុងក្រោយ ឡើងមកប្រកួតនៅកម្ពុជា។

ជាមួយនឹងការហ្វឹកហាត់ជាមួយ ក្លឹបនៃលីគលំដាប់ទី២ ជប៉ុន ( JEF United Chiba ) កីឡាករវ័យ១៨ឆ្នាំរូបនេះ ត្រូវបានគ្រូបង្វឹកនៃក្លឹប លោក Juan Esnáider សរសើរមិនដាច់ពីមាត់ ដោយថ្លែងថា Korrawit គឺជាយុវជនម្នាក់ដែលកំពុងតែរះ និងគួរឲ្យតាមដាន ហើយពិតជារីករាយជាខ្លាំង សម្រាប់ការផ្ដល់ឱកាសដល់កីឡាករវ័យក្មេងរូបនេះមកធ្វើតេស្តហ្វឹកហាត់ជាមួយក្លឹប។

គួរដឹងថា Korrawit Tasa មានឈ្មោះជាប់ជានិច្ចក្នុងបញ្ជឺកីឡាករដែលត្រូវបានកោះហៅដោយ លោក Alexandre da Gama ខណៈបញ្ជី២៣នាក់ចុងក្រោយក៏រូបគេត្រូវបានដាក់បញ្ចូលផងដែរ រួមជាមួយយុវជនជាច្រើនទៀត ដែលភាគច្រើនអាយុត្រឹម១៩ ទៅ២០ឆ្នាំ មកពីក្លឹបចំនួន១២ នៅលីគបាល់ទាត់ថៃ ទាំងលីគកំពូល និងលីគលំដាប់ទី២ ជាពិសេសមកពីក្លឹប Muangthong United។

បញ្ជាក់ជាថ្មីថា ការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម២២ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-22 Championship 2019 ) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ហើយបញ្ចប់នៅថ្ងៃទី២៦ ខែដដែល ឆ្នាំ២០១៩ មានក្រុមចំនួន ៨ចូលរួមប្រកួត បែងចែកចេញជា២ពូល រួមមានពូល A វៀតណាមថៃទីម័រខាងកើត និងហ្វីលីពីន ស្របពេលដែលពូល B មានកម្ពុជា , ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី៕

 

រូបភាព៖ FA Thailand & siamsport

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់ថៃ – FA Thailand

អត្ថបទ៖ ណារ៉ុង

មតិយោបល់