ហេតុផលដែល Xavi ព្យាករណ៍កាតាម្ចាស់ជើងឯក Asian Cup 2019 ត្រូវបានបង្ហាញឲ្យដឹងដោយសមីខ្លួនផ្ទាល់

មាស សុផាណារ៉ុង February 7, 2019


 

កាតា៖ «ពួកគេបានចំអកឲ្យខ្ញុំនៅពេលខ្ញុំព្យាករណ៍ថា កាតា នឹងឈ្នះជើងឯកទ្វីបអាស៊ី AFC Asian Cup 2019» សម្ដីរបស់ Xavi Hernandez កាលពីពេលថ្មីៗ យោងតាមការបញ្ជាក់នៅលើសារព័ត៌មាន Varzeshi ។

អតីតតារាឆ្នើមរបស់ក្លឹប Barcelona កីឡាករ Xavi Hernandez បានធ្វើការអត្ថាធិប្បាយខ្លះក្រោយពីព្យាករណ៍ពីក្រុមភាគច្រើនត្រឹមត្រូវ ក្នុងវគ្គជម្រុះ ចុងក្រោយក៏ដូចជាក្រុមឈ្នះជើងឯក។

ភាគច្រើននៃអ្នកយល់ពីបាល់ទាត់បានគិតថា Xavi ទស្សន៍ទាយថា កាតា ជាម្ចាស់ជើងឯក Asian Cup 2019 ក៏ព្រោះតែរូបគេកំពុងប្រកបអាជីព និងចូលរួមកម្មវិធីទូរទស្សន៍របស់ កាតា។ ប៉ុន្តែនៅទីបញ្ចប់ក្រុមមកពីអាស៊ីខាងលិចមួយនេះ បានគ្រងជើងឯកជាលើកដំបូង ជាមួយនឹងជ័យជម្នះ ៧លើក ទាត់បញ្ចូលទីបាន ១៩គ្រាប់ និងរបូតគ្រាប់បាល់ត្រឹមតែ ១គ្រាប់ប៉ុណ្ណោះ ពិតប្រាកដមែន។

យោងតាមសារព័ត៌មាន ( ​​Varzeshi ) Xavi បានបង្ហាញពីហេតុផលរបស់ខ្លួន សម្រាប់ការទស្សន៍ទាយនេះ។ ​Xavi បាននិយាយថា៖ «ខ្ញុំប្រាកដណាស់ថាកាតា ឈ្នះជើងឯក។ មុនពេលប្រកួត ពួកគិតថាខ្ញុំឆ្កួត ឬនិយាយដោយគ្មានអំណះអំណាង ប៉ុន្តែខ្ញុំជឿជាក់លើការព្យាករណ៍របស់ខ្ញុំព្រោះខ្ញុំដឹងច្បាស់អំពីក្រុមកាតា។ ខ្ញុំស្គាលកីឡាករកាតាស្ទើរតែទាំងអស់ កាលពីនៅកម្រិតថ្នាល ខ្ញុំបានឃើញពីការរីកចម្រើននៃកីឡាបាល់ទាត់របស់ប្រទេសនេះ ហើយខ្ញុំជឿជាក់ថាការបង្កើតឲ្យមាន Aspire Academy និងការហ្វឹកហាត់កីឡាករ គឺជាហេតុផលដែលគេឈ្នះជើងឯក។ ខ្ញុំបានគិតថា កាតា នឹងយកឈ្នះ ជប៉ុន ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ព្រោះជប៉ុនគឺជាក្រុមដ៏រឹងមាំ ប៉ុន្តែវាបានបញ្ចប់ជាមួយលទ្ធផលលើសពីការរំពឹងទុក។»

មុនពេលព្រឹត្តិការប្រកួតដ៏ធំ ៤ឆ្នាំម្ដងនេះមកដល់ នៅលើទូរទស្សន៍ Al Kass ( របស់កាតា​ ) Xavi បានធ្វើការទស្សន៍ទាយអំពីគូប្រកួត ដែលចាប់ផ្តើមពីវគ្គ ៨ក្រុមចុងក្រោយ។ លទ្ធផលបានបង្ហាញថា Xavi ទាយត្រូវ ៧ក្នុងចំណោម ៨ក្រុម ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រនេះ ( លើកលែងតែវៀតណាម ) ត្រូវ៣ក្រុម ក្នុងចំនោម ៤ក្រុម ដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រ ត្រូវទាំង២ មុននឹងទាយថាជើងឯកគឺបានទៅ កាតា។

Xavi ជាមួយក្លឹប Al Sadd នៃលីគកំពូលកាតារ ( រូបភាព៖ AFP )

សូមបញ្ជាក់ថា Xavi បច្ចុប្បន្នគឺប្រធានក្រុមរបស់ក្លឹប Al Sadd ជាទីដែលរូបគេកំពុងប្រកបអាជីពជាមួយ ក្រោយសម្រេចចាកចេញពី Barca កាលពីឆ្នាំ២០១៥។ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ លេងបាន ៧៥ប្រកួត សម្រាប់ក្រុមនេះ ដោយទាត់បញ្ចូលទីបាន ២០គ្រាប់ផងដែរ៕

 

ប្រភព៖ Varzeshi & Zing.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់