U-22 ម៉ាឡេស៊ី ផ្លាស់ប្ដូរសមាជិកថ្មីដល់ទៅ១១រូប ក្រោយប្រកួតកម្ដៅសាច់ដុំនៅថៃប៉ុន្មានប្រកួតមិនកាក់កប

មាស សុផាណារ៉ុង February 6, 2019


 

ម៉ាឡេស៊ី៖ លោក Datuk Ong Kim Swee គ្រូបង្វឹកនៃក្រុមជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម២២ឆ្នាំ បាននាំកីឡាករថ្មីចំនួន ១១នាក់ ចូលជំរំហ្វឹកហាត់ ដែលនឹងចាប់ផ្តើមនៅ កីឡដ្ឋាន Bukit Jalil នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះ។

ក្រោយពីបរាជ័យក្នុងដំណើរប្រកួតបោះជំរំហ្វឹកហាត់ នៅប្រទេសថៃ ក្រុមនេះបានរក្សាកីឡាករចំនួន ១៥នាក់ ហើយបន្ថែមសមាជិកថ្មីជាមួយនឹងកីឡាករ ១១នាក់ សរុបចំនួន ២៦នាក់ ក្នុងការហ្វឹកហាត់រយៈពេល ៥ថ្ងៃ មុនពេលពួកចាកចេញទៅកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតពានជើងឯកយុវជនអាយុក្រោម២២ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-22 Championship 2019 )

ក្នុងចំណោមសមាជិកថ្មីទាំងនោះក៏មាន Hadi Razak ផងដែរ ដែលកីឡាករវ័យ ២០ឆ្នាំរូបនេះ កំពុងប្រកបអាជីពជាមួយក្លឹបនៅលីគទី២ ជប៉ុន Fagiano Okayama និងសមាជិកផ្សេងៗទៀត ភាគច្រើមសុទ្ថសឹងតែជាកីឡាករមកពីលីគកំពូលម៉ាឡេស៊ី។ ការបន្ថែមសមាជិកថ្មីបែបនេះ គឺបន្ទាប់ពីការប្រកួតហ្វឹកហាត់នៅប្រទេសថៃ ក្រុមនេះហាក់ធ្វើពុំបានល្អទាល់តែសោះដោយ ៣ប្រកួតចាញ់ទាំង ៣ប្រកួត រួមមាន ចាញ់ BG Pathum United ២ទល់០ បន្តចាញ់ Army United ៣ទល់១ និងចុងក្រោយចាញ់ Ayutthaya United ៧ទល់៥។

គួរបញ្ជាក់ថា ពានរង្វាន់ដដែលនេះ គ្រោងនឹងចាប់ផ្ដើមការប្រកួត ចាប់ពីថ្ងៃទី១៧-២៦ ខែកុម្ភៈខាងមុខ ដោយមាន ៨ក្រុមចូលរួម បន្ទាប់ពីសិង្ហបុរី ប្រុយណេ និងឡាវ ប្រកាសដកខ្លួន ក្នុងនោះក្រុម U-22 ម៉ាឡេស៊ី គឺស្ថិតក្នុងពូល B ជាមួយក្រុម U-22 ម្ចាស់ផ្ទះកម្ពុជា , មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ខណៈពូល A រួមមានក្រុម U-22 វៀតណាម, ថៃ, ទីម័រខាងកើត និងហ្វីលីពីន៕

 

ចុចអានអត្ថបទ៖ យុវជនម៉ាឡេស៊ីមួយរូប ក្លាយជាកីឡាករម៉ាឡេស៊ីដំបូងគេ ទៅប្រកបអាជីពនៅលីគទី២ជប៉ុន

 

ប្រភព៖ aseanfootball​.org

រូបភាព៖ Football Association of Malaysia (Official)

អត្ថបទ៖ ណារ៉ុង

មតិយោបល់