ក្រុមដែលអាចរួមពូលជាមួយណាហ្គាវើល បង្ហាញភាពខ្លាំងក្រោយបន្តឈានជើងចូល វគ្គជម្រុះជុំទី២ AFC Champions League

មាស សុផាណារ៉ុង February 6, 2019


 

ហ្វីលីពីន៖ ក្រុមរួមពូលជាមួយក្លឹបបាល់ទាត់ណាហ្គាវើល ក្នុងពាន ( AFC Cup 2019 ) Yangon United ( របស់មីយ៉ាន់ម៉ា ) កាលពីយប់មិញ បានបង្ហាញភាពខ្លាំងរបស់ខ្លួន តាមរយៈការឈ្នះគូប្រកួត ក្នុងវគ្គជម្រុះជុំទី១ ពានកម្រិតកំពូលប្រចាំទ្វីប AFC Champions League 2019។

Yangon United ដែលតតាំងជាមួយ Ceres Negros ជើងឯកមកពីលីគកំពូលហ្វីលីពីន ក្នុងការប្រកួតជម្រុះជុំទី១ នៃពានកម្រិតកំពូលប្រចាំទ្វីបអាស៊ី ( AFC Champions League 2019 ) គឺបានយកឈ្នះ ដោយលទ្ធផល ១ទល់២ លើទឹកដីប្រទេសហ្វីលីពីន Panaad Stadium។

នាមជាក្រុមភ្ញៀវ តែ Yangon United បានធ្វើបានល្អជាង ដោយតែងតែនាំមុខរហូត ពីការទាត់ដោយកីឡាករ Vinicius Miller នៅនាទី២៩ មុននឹង Ceres វាយបកតាមស្មើវិញនៅនាទី៤៤ តែចុងក្រោយគ្រាប់ជ័យជម្នះរបស់ Yangon បានកើតឡើងនៅនាទី៥៩ ធ្វើបានសម្រេចដោយកីឡាករ Kaung Htet Soe។

ដូចនេះជ័យជម្នះរបស់ Yangon United នឹងធ្វើឲ្យក្រុមរបស់មីយ៉ាន់ម៉ា មួយនេះត្រូវឡើងទៅវគ្គជម្រុះជុំទី២ បន្តទៀត ហើយត្រូវជួបជាមួយក្រុមរបស់ថៃ ​Chiangrai United ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ ខែដដែលនេះ ដើម្បីដណ្ដើមកៅអីទៅវគ្គជម្រុះជុំចុងក្រោយ ប៉ះជាមួយក្រុមលេខ២ លីគកំពូលជប៉ុន Sanfrecce Hiroshima មុននឹងបានទីតាំងនៅវគ្គបែងចែកពូល។

គួររំលឹកជាថ្មីថា ណាហ្គាវើល​ ស្ថិត​នៅ​ពូល​ F ជា​មួយ​ក្រុម​ Hanoi FC ម្ចាស់ជើងឯកលីគកំពូល​វៀតណាម ( ក្រុមនេះក៏ស្ថិតក្នុងការរង់ចាំប្រកួតជម្រុះ AFC Champions League ផងដែរ នៅវគ្គជម្រុះជុំទី២ ) ក្រុម Tampines Rovers ( ក្រុមលេខ ៤លីគកំពូល​សិង្ហបុរី ) ដែលប្រាកដកៅអី ១០០ភាគរយ ​និង​ Yangon United នេះ ( ជើងឯកលីគកំពូលមីយ៉ាន់ម៉ា )៕

 

រូបភាព៖ Yangon United FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់