កីឡាករសំខាន់ៗមួយចំនួនធំ បាត់មុខពីបញ្ជីឈ្មោះ U-22 ថៃ ដែលត្រូវឡើងមកប្រកួតនៅកម្ពុជា

មាស សុផាណារ៉ុង February 5, 2019


 

ថៃ៖ គ្រូបង្វឹកនៃក្រុមជម្រើសជាតិថៃ អាយុក្រោម២២ឆ្នាំ លោក Alexandre da Gama បានសម្រេចជ្រើសរើសយកកីឡាករ ២៣នាក់ជាផ្លូវការហើយ មុនមកប្រកួតនៅកម្ពុជា ពាក់កណ្ដាលខែក្រោយនេះ ជាមួយបាត់មុខកីឡាករសំខានៗស្ទើរតែទាំងស្រុងពីបញ្ជីចុងក្រោយនេះ។

កីឡាករសំខាន់ៗមួយចំនួនធំ ដែលបាត់មុខរួមមានកីឡាករល្បីឈ្មោះជាច្រើន ដូចជាសមាជិកក្រុមជម្រើសជាតិថៃ ឈុតធំ Supachai Jaided , Jakkrit Wachpirom ដែលធ្លាប់ប្រកបអាជីពនៅលីគទី៣ ជប៉ុន , Sittichok Paso ធ្លាប់ប្រកបអាជីពនៅលីគលីគទី៣ ជប៉ុនដូចគ្នា , កីឡាករ Kevin Deeromram ជាកូនកាត់ថៃ ស៊ុយអែត , Worachit Kanitsribampen ដែលធ្លាប់ទៅហ្វឹកហាត់នៅជប៉ុន ជាដើម។

សម្រាប់កីឡាករដែលត្រូវបានជ្រើសរើស ២៣នាក់ចុងក្រោយដោយ លោក Alexandre da Gama រួមមានភាគច្រើនអាយុត្រឹម១៩ ទៅ២០ឆ្នាំ មកពីក្លឹបចំនួន១២ នៅលីគបាល់ទាត់ថៃ ទាំងលីគកំពូល និងលីគលំដាប់ទី២ ហើយភាគច្រើនមកពីក្លឹប Muangthong United។

ខណៈកីឡាករសំខាន់ៗមួយចំនួនធំដែលពុំមានឈ្មោះនោះ លោក Alexandre da Gama បានបញ្ជាក់បន្ថែមថាគឺដោយសារតែពួកគេមិនអាចមកចូលរួមហ្វឹកហាត់បានចាប់តាំងពីបានកោះហៅ គ្រាដែលពួកគេកំពុងត្រៀមខ្លួនជាមួយក្លឹបរបស់ពួកគេ សម្រាប់លីគថៃ កាន់តែកៀកមកដល់ឆាប់ៗនេះ ប៉ុន្តែលោកជឿជាក់ថាកីឡាករដែលបានចូលរួមនេះសុទ្ធសឹងតែមានទេពកោសល្យខ្ពស់អាចជួយក្រុមបាន។

បញ្ជាក់ថា ការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម២២ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-22 Championship 2019 ) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ហើយបញ្ចប់នៅថ្ងៃទី២៦ ខែដដែល ឆ្នាំ២០១៩ មានក្រុមចំនួន ៨ចូលរួមប្រកួត បែងចែកចេញជា២ពូល រួមមានពូល A វៀតណាមថៃទីម័រខាងកើត និងហ្វីលីពីន ស្របពេលដែលពូល B មានកម្ពុជា , ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី៕

 

ប្រភព និងរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់ថៃ – FA Thailand

អត្ថបទ៖ ណារ៉ុង

មតិយោបល់