ក្រុមរួមពូលជាមួយណាហ្គាវើល ក្នុងពាន AFC Cup ក្លឹប Yangon ប្រកួតជម្រុះ AFC Champions League យប់នេះ

មាស សុផាណារ៉ុង February 5, 2019


 

ហ្វីលីពីន៖ ក្រុមរួមពូលជាមួយក្លឹបបាល់ទាត់ណាហ្គាវើល ក្នុងពាន ( AFC Cup 2019 ) Yangon United ( របស់មីយ៉ាន់ម៉ា ) នៅយប់នេះនឹងប្រកួតជម្រុះក្នុងពានកម្រិតកំពូលប្រចាំទ្វីប AFC Champions League 2019 មុននឹងប្រាកដកៅអីរបស់ខ្លួនក្នុងការរួមពូល ជាមួយម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៨។

ក្រុមជើងឯករបស់លីគកំពូលមីយ៉ាន់ម៉ា Yangon United យប់នេះនឹងត្រូវតតាំងជាមួយ Ceres Negros ដែលជាជើងឯកមកពីលីគកំពូលហ្វីលីពីន សម្រាប់ការប្រកួតជម្រុះជុំទី១ នៃពានកម្រិតកំពូលប្រចាំទ្វីបអាស៊ី ( AFC Champions League 2019 ) នាវេលាម៉ោង ៧:៣០ នាទីយប់ ដើម្បីមានឱកាសឡើងទៅវគ្គបែងចែកពូល។

សម្រាប់លទ្ធផល បើយប់នេះ Yangon United ឈ្នះ ក្រុមនេះនឹងត្រូវបន្តឡើងទៅវគ្គជម្រុះជុំទី២ បន្តទៀត ប៉ុន្តែបើសិនជាបរាជ័យត្រឹមយប់នេះ នោះ Yangon United នឹងអស់តួនាទី ពីពាន AFC Champions League 2019 ហើយត្រូវប្រាកដខ្លួន ១០០ភាគរយ ក្នុងការរួមពូល F ជាមួយ ណាហ្គាវើល សម្រាប់ពានកម្រិតទី២ ប្រចាំទ្វីបអាស៊ី ( AFC Cup 2019 ) មួយនេះ។

គួររំលឹកដែរថា ណាហ្គាវើល​ ស្ថិត​នៅ​ពូល​ F ជា​មួយ​ក្រុម​ Hanoi FC ម្ចាស់ជើងឯកលីគកំពូល​វៀតណាម ( ក្រុមនេះក៏ស្ថិតក្នុងការរង់ចាំប្រកួតជម្រុះ AFC Champions League ផងដែរ នៅវគ្គជម្រុះជុំទី២ ) ក្រុម Tampines Rovers ( ក្រុមលេខ ៤លីគកំពូល​សិង្ហបុរី ) ដែលប្រាកដកៅអី ​និង​ Yangon United នេះ ( ជើងឯកលីគកំពូលមីយ៉ាន់ម៉ា )។

​ការ​ប្រកួត​​​​នឹង​​ចាប់​ផ្ដើម​ពីថ្ងៃទី២៦​ ខែ​កុម្ភៈ​ ដើម​ឆ្នាំ​ក្រោយតាមរូបមន្តវិលជុំសន្សំពិន្ទុ សរុបស្មើ ៦ប្រកួត ( ក្នុងដី និងក្រៅដី ) ដើម្បីយកតែមួយក្រុមឡើងទៅវគ្គបន្ត ដោយគ្រោងនឹងបញ្ចប់ការប្រកួតទាំងមូលនៅដើមខែតុលា ឆ្នាំ២០១៩ ខណៈនេះជាឆ្នាំទី១ សម្រាប់ណាហ្គាវើល ក្នុងការប្រកួតនៅវគ្គបែងចែកពូល បន្ទាប់ពីបានក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៨៕

 

រូបភាព៖ AFC Cup / foxsports.ph / Yangon United FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់