គ្រូជម្រើសជាតិកាតា អរគុណ Xavi ក្នុងនាមជាអ្នកនាំសំណាងដល់ក្រុមឲ្យបានឈ្នះ AFC Asian Cup

មាស សុផាណារ៉ុង February 2, 2019


 

អាស៊ី៖ លោក Felix Sanchez គ្រូបង្វឹកនៃក្រុមជម្រើសជាតិកាតា បានថ្លែងការអរគុណទៅដល់ Xavi ដែលជាអ្នកនាំសំណាងនៅពេល កាតា ទទួលបានជើងឯកពាន AFC Asian Cup កាលពីយប់មិញ។

អតីតកីឡាកររបស់ Barcelona រូបនេះ បានទស្សន៍ទាយយ៉ាងត្រឹមត្រូវស្ទើរតែឥតខ្ចោះ ថាក្រុមដែលនឹងត្រៀមធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោក ឆ្នាំ២០២២ ( World Cup 2022 ) មួយនេះនឹងឈ្នះពានជើងឯកទ្វីបអាស៊ី AFC Asian Cup ដោយជាលទ្ធផល ក្រុមជម្រើសជាតិកាតា បានឈ្នះជើងឯកពានរង្វាន់ធំជាងប្រចាំទ្វីបអាស៊ីមួយនេះ ជាលើកដំបូងរបស់ខ្លួន កាលពីយប់ថ្ងៃសុក្រ ជាមួយនឹងជ័យជម្នះ ១-៣ លើក្រុមជម្រើសជាតិជប៉ុន។

គ្រូបង្វឹកជម្រើសជាតិកាតា បានឆ្លើយតបនៅក្រោយចប់ការប្រកួត ដោយបានលើកឡើងថាកីឡាករវ័យ ៣៩ឆ្នាំរូបនេះ អាចជាអ្នកនាំសំណាងមួយ។

អតីតយុវជនរបស់ក្លឹប Barcelona លោក Sanchez បាននិយាយថា៖ «ខ្ញុំនឹងរក Xavi ហើយនឹងប្រាប់គាត់ឱ្យទស្សន៍ទាយរាល់ការប្រកួតបន្ទាប់ ដើម្បីប្រាកដថាយើងដឹងពីអ្វីដែលនឹងកើតឡើងនាពេលអនាគត។ ទាក់ទងនឹង Xavi គាត់គឺជាមនុស្សដ៏អស្ចារ្យម្នាក់ ហើយគាត់គាំទ្រយើងយ៉ាងខ្លាំង ខ្ញុំពិតជារីករាយជាមួយគាត់ណាស់»

មានប្រសាសន៍ជុំវិញជ័យជម្នះ គ្រូបង្វឹកសញ្ជាតិអេស៉្បាញរូបនេះបានលើកឡើងថា៖ «ខ្ញុំមិនមានពាក្យអ្វីនិយាយច្រើនទេ យើងបានផ្តួលក្រុមដ៏ខ្លាំង ក្រុមដ៏ខ្លាំង។ ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ចំពោះកីឡាករ និងប្រជាជនទាំងអស់នៅក្នុងប្រទេសកាតា ដែលបានគាំទ្រយើងតាំងពីដំបូងមកម្ល៉េះ វាសមនឹងទទួលបានខ្ញុំពិតជារីករាយណាស់ខ្ញុំមិនមានពាក្យអ្វីទេ»

ជម្រើសជាតិកាតា នឹងសង្ឃឹមក្នុងទទួលជោគជ័យពីព្រឹត្តិការណ៍ Asian Cup នេះ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីល ក្នុងនាមជាប្រទេសដែលត្រូវអញ្ជើញចូលរួម សម្រាប់ការប្រកួតពានប្រចាំទ្វីបអាមេរិក ( Copa America 2019 ) នៅពាក់កណ្ដាលឆ្នាំខាងមុខនេះ៕

 

ចុចអានអត្ថបទ៖ ការទស្សន៍ទាយរបស់ Xavi ក្នុងពាន AFC Asian Cup 2019

 

ប្រភព៖ Goal.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់