ទីបំផុត! កាតា បង្កើតទំព័រប្រវត្តិសាស្ត្រថ្មី ក្រោយគ្រប់គ្រងពាន AFC Asian Cup ជាលើកដំបូង

មាស សុផាណារ៉ុង February 1, 2019


 

អាស៊ី៖ ក្រុមជម្រើសជាតិកាតា ទីបំផុតបានឈានទៅដល់ការបង្កើតប្រវត្តិសាស្ត្រថ្មីលើវិស័យបាល់ទាត់របស់ខ្លួន បន្ទាប់ពីគ្រងដំណែងជើងឯកពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 ជាលើកដំបូង នៅក្រោយការយកឈ្នះ ជម្រើសជាតិជប៉ុន ១ទល់៣ នៅវគ្គផ្ដាច់ព្រ័ត្រដែលទើបបញ្ចប់មុននេះបន្តិច។

ការប្រកួតដ៏តានតឹងក្រោមក្រសែភ្នែកទស្សនិកជនរាប់លាននាក់នៅទូទាំងពិភពលោក ក្រុមជម្រើសជាតិកាតា បាននាំមុខមុនដល់ទៅ ២គ្រាប់នៅវគ្គទី១ ពោលគឺនៅនាទី ១២ ដោយ Almoez Ali និងនាទី២៧ ដោយ Abdulaziz Hatem ស្របពេលដែលជប៉ុនបានត្រឹមតែមានឱកាសគ្រប់ដណ្ដប់ការប្រកួត តែសំណាងហាក់មិនកើតឡើង និងរក្សាលទ្ធផល ០ទល់២ នៅវគ្គទី១។

វគ្គទី២ ជប៉ុន ដែលត្រូវការគ្រាប់បាល់ជាចាំបាច់នោះ ទីបំផុតបានព្យាយាមរហូតដល់នាទី៦៩ ទើបអាចរកគ្រាប់បាល់បាន ជាការទាត់ដោយកីឡាករ Minamino ប៉ុន្តែសំណាងមិននៅជាមួយជប៉ុន ទៀតឡើយ ទីបំផុតកាតា បានទទួលបាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពីអាជ្ញាកណ្ដាលពិនិត្យ ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្ដាល ( VAR ) ឃើញកីឡាករជប៉ុន Yoshida យកបាល់ប៉ះដៃ នៅតំបន់គ្រោះថ្នាក់របស់ខ្លួន ចុងបញ្ចប់កីឡាករ Akram Afif ជាអ្នកសម្រេចគ្រាប់ជ័យជម្នះឲ្យ កាតា គ្រងជើងឯកពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

បរាជ័យរបស់ ជប៉ុន ផងដែរក៏ជាការបរាជ័យលើកដំបូងសម្រាប់ការឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ ខណៈ ៤លើកចុងក្រោយ ជប៉ុន ឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រជាមួយនឹងជ័យជម្នះទាំង៤លើក និងលើកពានទាំង ៤លើកផងដែរ៕

 

រូបភាព៖ The-AFC

អត្ថបទ៖ ណារ៉ុង

មតិយោបល់