គ្រូជប៉ុន សង្ឃឹមយកពានទី៥ត្រលប់ទៅផ្ទះ ស្របពេលគ្រូកាតា សម្លឹងឃើញការបង្កើតប្រវត្តិសាស្ត្រឲ្យប្រទេសមួយនេះ

មាស សុផាណារ៉ុង February 1, 2019


 

អាស៊ី៖ យប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នេះការប្រកួតដែលទស្សនិកជនស្ទើរទូទាំងពិភពលោក ជាពិសេសទស្សនិកជននៅទ្វីបអាស៊ី ទន្ទឹងរង់ចាំ នោះគឺជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 ដែលធ្វើឡើងនៅប្រទេសអារ៉ាប់រួម រវាង ជប៉ុន និង កាតា។

ប្រកួតចុងក្រោយរវាង កាតា ជាមួយ ជប៉ុន កាលពីឆ្នាំ២០១១

ការប្រកួតរវាងក្រុមជម្រើសជាតិដ៏ខ្លាំងទាំង ២នេះ គឺនឹងធ្វើឡើងនៅវេលាម៉ោង ៩យប់ ( ម៉ោងនៅកម្ពុជា ) នៅលើកីឡដ្ឋាន Zayed Sports City Stadium ដែលអាចផ្ទុកទស្សនិកជន បានប្រមាណ ៤៥,០០០​ នាក់ ខណៈនៅមុនការប្រកួតមកដល់គ្រូនៃក្រុមទាំង ២បានលើកឡើងរៀងៗខ្លួន ដោយគ្រូជប៉ុន សង្ឃឹមយកពានទី៥ត្រលប់ទៅផ្ទះ ស្របពេលគ្រូកាតា សម្លឹងឃើញការបង្កើតប្រវត្តិសាស្ត្រឲ្យប្រទេសមួយនេះ។

លោក Hajime Moriyasu ដែលជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិជប៉ុន បានមានប្រសាសន៍ថា៖ «ថ្ងៃស្អែក ( ថ្ងៃនេះ ) តាំងនាមឲ្យក្រុមទាំងមូល យើងចង់ព្យាយាមយកពាន ត្រឡប់ទៅផ្ទះវិញ ប៉ុន្តែខ្ញុំមិនចាប់អារម្មណ៍ពីអ្វីដែលវាមានន័យសម្រាប់ខ្ញុំនោះទេ ខ្ញុំគ្រាន់តែចង់អបអរការឈ្នះពានជាមួយនឹងក្រុមទាំងអស់គ្នា ហើយយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការហ្វឹកហាត់ផងដែរ»

គ្រូបង្វឹកវ័យ៥០ឆ្នាំគត់រូបនេះបានបន្តទៀតថា៖ «យើងដឹងថាពួកគេគឺជាក្រុមដ៏រឹងមាំមួយ ដែលពួកគេទាត់បញ្ចូលទីបាន ១៦គ្រាប់ និងរក្សាសំណាញ់ទីមិនឲ្យរបូតសូម្បី ១គ្រាប់ ប៉ុន្តែមិនថាពួកគេលេងរបៀបណាទេ យើងនឹងដូចគ្នា។ យើងនឹងវិភាគពួកគេ ហើយបន្ទាប់មកយើងនឹងបង្ហាញនូវអ្វីដែលល្អបំផុតនៅលើទីលាន»

ដោយឡែកសម្រាប់ លោក Félix Sánchez Bas ដែលជាគ្រូបង្វឹករបស់កាតា បានលើកឡើងថា៖ «នេះគឺពិតជាការប្រកួតដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្រ្តកីឡាបាល់ទាត់របស់កាតា។ បច្ចុប្បន្ននេះយើងកំពុងស្ថិតក្នុងដំណាក់កាលនៃការប្រកួត ដែលក្រុមទាំងមូលមានអារម្មណ៍ជឿជាក់ និងរង់ចាំការប្រកួតមកដល់។ ពិតណាស់ប្រសិនបើយើងឈ្នះពាននេះ វានឹងក្លាយជាសមិទ្ធផលដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់កាតា។ សង្ឃឹមថា យើងអាចបង្ហាញទម្រង់លេងដ៏ល្អមួយ។ រឿងសំខាន់មួយសម្រាប់យើងគឺថា មានស្មារតីជាក្រុមដ៏អស្ចារ្យ ហើយគ្រប់គ្នាកំពុងធ្វើការជាមួយគ្នាដើម្បីទទួលបានលទ្ធផលដូចគ្នា»។

កំណត់ត្រាថ្មីៗ នឹងត្រូវកត់ចូលបន្ថែមក្នុងទិន្នន័យបាល់ទាត់ប្រចាំទ្វីបអាស៊ី នៅយប់នេះរវាងក្រុមជម្រើសទាំង២ សម្រាប់ ជប៉ុន បើសិនជាឈ្នះយប់នេះ នោះគេនឹងបន្ថែម កំណត់ត្រាជាប្រទេសដែលឈ្នះពានរង្វាន់នេះច្រើនជាងគេ ពោលគឺឈានដល់ ៥ដង ខណៈកាតា វិញបើឈ្នះយប់នេះ នោះនឹងក្លាយជាការឈ្នះលើកដំបូងបង្អស់ក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន ជាមួយពានរង្វាន់នេះ ស្របពេលដែលកំណត់ត្រាល្អបំផុត គឺបានត្រឹមវគ្គ ៨ក្រុមចុងក្រោយ កាលពីឆ្នាំ២០១១៕

 

ប្រភព និងរូបភាព៖ The-AFC

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់