Muangthong បន្ថែមសមាជិកជម្រើសជាតិកូរ៉ធ្លាប់មានមុខនៅ World Cup មុនមកទឹកដីកម្ពុជា ខែក្រោយ

មាស សុផាណារ៉ុង January 31, 2019


 

ថៃ៖ ក្លឹបបាល់ទាត់នៃលីគកំពូលថៃ Muangthong United នៅថ្ងៃទី៣១​ ខែមករា នេះបានធ្វើការប្រកាសបង្ហាញសមាសភាពកីឡាករថ្មី ជាសមាជិកជម្រើសជាតិកូរ៉ខាងត្បូង ដែលទើបតែលេង World Cup 2018 នៅរុស្ស៊ី មុនប៉ះ Cambodia All Stars សប្ដាហ៍ក្រោយ។

ខ្សែការពារកណ្ដាលសញ្ជាតិកូរ៉េខាងត្បូងរូបនេះ មានឈ្មោះថា Oh Ban-suk បច្ចុប្បន្នមានវ័យ៣០ឆ្នាំ ត្រូវបាន Muangthong United នាំមកក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹបរបស់ប្រទេសអារ៉ាប់រួម Al Wasl ហើយកីឡាករដែលមានកម្ពស់រហូតដល់ ១,៨៩ ម៉ែត្ររូបនេះ ត្រូវបានស្គាល់យ៉ាងច្បាស់ថា ជាសមាជិកនៃក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដែលមានឈ្មោះនៅក្នុងបញ្ជី ២៣នាក់ចុងក្រោយ ដែលទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ធំជាងគេលើលោក ​FIFA World Cup 2018 នៅប្រទេសរុស្ស៊ី ទោះមិនបានបង្ហាញខ្លួនក្នុងការប្រកួតក៏ដោយ។

នេះជាការបន្ថែមកម្លាំងការពារដ៏រឹងមាំមួយទៀតសម្រាប់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងបាងកក មួយនេះ ដែលត្រូវចាប់ដៃគូជាមួយខ្សែការពារ Adisorn Promrak នៅតំបន់ការពារកណ្ដាល។

គួរបញ្ចាក់ថា ក្រៅតែពីការផ្ទេរតាមរយៈការខ្ចីជើងពីក្លឹប Al Wasl មួយនេះហើយ Oh Ban-suk គឺជាអតីតកីឡាកររបស់ក្លឹបដ៏ជោគជ័យគួរសមនៅលីគកំពូលកូរ៉េ Jeju United ៧រដូវកាលផងដែរ និងទាត់បាល់បញ្ជូលទីបាន ៧គ្រាប់ ក្នុងការបង្ហាញខ្លួន១៩៨ប្រកួត។

កីឡាកររូបនេះ ទំនងក៏នឹងត្រូវធ្វើដំណើរមកកម្ពុជាផងដែរ ក្នុងជំនួបមិត្តភាពជាមួយក្រុម Cambodia All Stars ទល់នឹង Muangthong United ដែលគ្រាងធ្វើឡើងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ៕

 

រូបភាព៖ Muangthong United.FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់