ពេលនិយាយពីឱកាសប្រជែងពាន Pep ថាពេលនេះទើបតែខែមករា មិនទាន់ដល់ខែមេសា ឬក៏ឧសភា នៅឡើយទេ

មាស សុផាណារ៉ុង January 30, 2019


 

អង់គ្លេស៖ លោក Pep Guardiola អ្នកចាត់ការទូទៅនៃក្លឹប Manchester City បានបដិសេធមិនបោះបង់ចោលពានរង្វាន់ Premier League ឡើយបើទោះបីជាតាមពីក្រោយ Liverpool ៧ពិន្ទុក៏ដោយ។

Manchester City បានទទួលបរាជ័យជាលើកទី៤ នៅ Newcastle កាលពីយប់មិញ បើទោះបីជាបាននាំមុខមុន ក្នុងរយៈពេលត្រឹម ២៤វិនាទី ក្រោយកញ្ជែអាជ្ញាកណ្ដាលផ្លុំ ដែលធ្វើបានសម្រេចដោយខ្សែប្រយុទ្ធ Sergio Aguero ក៏ដោយ។

ក្រុមកំពុងនាំ ហង្សក្រហម Liverpool នឹងត្រូវតតាំងជាមួយក្លឹប Leicester នៅថ្ងៃពុធនេះ ប៉ុន្តែលោក Guardiola បាននិយាយថា៖ «ប្រសិនបើពួកគេឈ្នះ គេនឹងកាន់តែមានពិន្ទុច្រើន (ត្រូវតាមពីក្រោយ) ប៉ុន្តែវាទើបតែខែមករា វាមិនមែនជាខែមេសា ឬឧសភា នោះទេ មានប្រកួតជាច្រើនទៀត យើងនឹងមិនបោះបង់។ វាលំបាកជាងពេលបច្ចុប្បន្ន ប៉ុន្តែយើងមានឱកាសដើម្បីធ្វើវា ហើយយើងដឹងថាយើងត្រូវឈ្នះការប្រកួត។ នៅពេលអ្នកនៅពីក្រោយអ្នកមិនអាចធ្វើឲ្យខាតពិន្ទុបានឡើយ»

គួរដឹងដែរថា ចាប់ពីសប្ដាហ៍ក្រោយទៅ Man City នឹងត្រូវធ្វើការធ្ងន់ ដោយត្រូវតតាំងជាមួយគីឡូថ្ងន់ផងដែរដូចជា Arsenal, Everton និង​ Chelsea ស្របពេលដែល Liverpool វិញត្រូវ​ប៉ះ​គីឡូ​ដូច​ជា​ Leicester, West Ham និង​ Bournemouth នៅ​ Premier League។

Premier League បច្ចុប្បន្នបានឈានចូលដល់សប្ដាហ៍ទី២៤ ហើយ ដែលបានសេចក្ដីថានៅសល់ការប្រកួតចំនួន១២ប្រកួតទៀតទើបឈានដល់ការបញ្ចប់រដូវកាល ដោយគម្រោងគឺនៅពាក់កណ្ដាលខែឧសភា៕

 

ប្រភព៖ dailymail

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់