គ្រូជម្រើសជាតិវៀតណាម នឹងមកកម្ពុជា ដើម្បីពិនិត្យកូនក្រុមត្រៀមជម្រុះ U-23 AFC Championship 2020

មាស សុផាណារ៉ុង January 30, 2019


វៀតណាម៖ លោក Park Hang-seo គ្រូបង្វឹកនៃក្រុមជម្រើសជាតិវៀតណាម នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ជាមួយនឹងក្រុម U-22 វៀតណាម ដើម្បីស្វែងរកការពង្រឹងបន្ថែមទៀតសម្រាប់ការប្រកួតជម្រុះយុវជនអាស៊ី U-23 AFC Championship 2020 នៅពេលខាងមុខនេះ។

គ្រូបង្វឹក Park Hang-seo បានត្រលប់មកប្រទេសកូរ៉េខាងត្បូង វិញដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ជាមួយគ្រួសាររបស់លោក ហើយរូបលោកនឹងត្រលប់មកប្រទេសវៀតណាមវិញក្រោយថ្ងៃឈប់សម្រាក ហើយជម្រើសដំបូងរបស់ លោក Park ក្នុងកំឡុងពេលនេះ គឺដើម្បីស្វែងរកកីឡាករបន្ថែមកម្លាំងសម្រាប់ U-23 វៀតណាម មុនពេលប្រកួតជម្រុះជើងឯកយុវជនអាស៊ី U-23 ឆ្នាំ២០២០ ( U-23 AFC Championship 2020 ) ដែលនឹងធ្វើឡើងនៅក្នុងខែមីនា។

ដើម្បីបូកបន្ថែមជាមួយនឹងសមាជិកដែលមានស្រាប់ដូចជា Quang Hai, Duc Chinh, Van Hau ជាដើម លោក Park នឹងចូលរួមទស្សនាដោយផ្ទាល់ នៅក្នុងការប្រកួត U-22 វៀតណាម នៅក្នុងការប្រកួតយុវជនអាស៊ីអាគ្នេយ៍ AFF U-22 Championship 2019 ដែលធ្វើឡើងនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែកុម្ភៈ។

គួរបញ្ជាក់ថា ដោយសារកីឡាករសំខាន់ៗមួយចំនួន ដូចជា Cong Phuong , Xuan Truong, Duy Manh, Phan Van Duc ត្រូវផុតអាយុ ដូច្នេះលោកត្រូវការនូវកម្លាំងបន្ថែមសម្រាប់ក្រុម U-23 វៀតណាម មុនពេលការប្រកួតមកដល់។ ការប្រកួតនេះពិតជាមានសារៈសំខាន់ សម្រាប់វៀតណាម ពីព្រោះបើសិនជាឈ្នះ ឬក៏យ៉ាងណាបានត្រឹម ៤ក្រុមចុងក្រោយ វៀតណាមនឹងឈ្នះសំបុត្រទៅព្រឹត្តិការណ៍កីឡាអូឡាំពិក ( Olympic 2020 ) នៅតូក្យូ ប្រទេសជប៉ុន។

បច្ចុប្បន្ននេះការជ្រើសរើសយកកីឡាករ U-22 របស់វៀតណាមគឺក្រោមការដឹកនាំដោយ លោកគ្រូបង្វឹក Nguyen Quoc Tuan កីឡាករឆ្នើមៗនៃក្រុមនេះនឹងត្រូវបានបញ្ចូលទៅក្នុងក្រុមវៀតណាម U-23 ដើម្បីចូលរួមក្នុងវគ្គជម្រុះប្រចាំទ្វីបអាស៊ីឆ្នាំ២០២០។ សូមបញ្ជាក់ថា ក្រោយបញ្ចប់ភារកិច្ចនៅក្នុងការប្រកួត AFC Asian Cup 2019 លោក Park Hang-seo នឹងមានកីឡាករតែ ៧នាក់ នៅក្នុងដៃដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFC U-23 នៅឆ្នាំ២០២០ ហើយនឹងត្រូវបន្ថែមកីឡាករចំនួន ១៥នាក់បន្ថែមទៀតដើម្បីធ្វើរឿងដ៏អស្ចារ្យម្តងទៀតដូចដែលគេបានធ្វើ កាលពីមួយឆ្នាំមុននៅទីក្រុង Changzhou ប្រទេសចិន ( វៀតណាម ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ AFC U-23 Championship 2019 )៕

 

ប្រភព៖ zing.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់