កាតា ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ​AFC Asian Cup ជួបជប៉ុន ដូចការទស្សន៍ទាយរបស់ Xavi

មាស សុផាណារ៉ុង January 30, 2019


 

អាស៊ី៖  ក្រុមបាល់ទាត់ជម្រើសជាតិកាតា បានបង្កើតប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងពានរង្វាន់ជើងឯកបាល់ទាត់ទ្វីបអាស៊ី AFC Asian Cup 2019 បន្ទាប់ពីបានយកឈ្នះម្ចាស់ផ្ទះអារ៉ាប់រួម ចាស់ដៃ ៤ទល់០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីយប់មិញ។

៤ គ្រាប់របស់កាតា ហាក់មិនពិបាក ដោយរកបាន ២គ្រាប់នៅវគ្គទី១ ដោយកីឡាករ ​Khoukhi នៅនាទី២២ និងកីឡាករ Alomez Ali នៅនាទី៣៧ និង ២គ្រាប់ចុងក្រោយធ្វើបានសម្រេចដោយកីឡាករ Al Haydos នៅនាទី៨០ និង Ismail នៅនាទី ៩០+៣។

ដូច្នេះជ័យជម្នះនេះនឹងធ្វើឲ្យកាតា ត្រូវឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយ ជប៉ុន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្រុមទាំង២ រវាង ជប៉ុន និង កាតា ដែលបានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ គឺត្រូវបេះដាក់ទៅនឹងការព្យាការណ៍របស់អតីតខ្សែបម្រើឆ្នើមរបស់ក្លឹប Barcelona កីឡាករ Xavi Hernández តាំងពីមុនព្រឹត្តិការណ៍មកដល់ម្លេះ។

ចាំបានថាកាលពីដើមខែមករា ខណៈពេលដែល Xavi បានបញ្ចេញយោបល់របស់ខ្លួនជុំវិញការប្រកួត Asian Cup នៅលើបណ្តាញទូរទស្សន៍របស់កាតា Al Kass បន្ទាប់ពីបានផ្លាស់មកលេងជាមួយក្លិប Al Sadd នៅលីគកាតាផ្ទាល់នោះ Xavi បានទស្សន៍ទាយថាក្រុមជម្រើសជាតិកាតា នឹងលើកពាននេះ នៅថ្ងៃទី០១ កុម្ភៈ ដែលជាថ្ងៃផ្ដាច់ព្រ័ត្រ ហើយកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះជឿជាក់ថាពួកគេនឹងទទួលបានជ័យជម្នះលើជប៉ុន ក្នុងវគ្គផ្តាច់ព្រ័ត្រ ដូច្នេះខ្វះតែ ១ប្រកួតទៀតប៉ុណ្ណោះដែលការទស្សន៍ទាយរបស់ Xavi អាចនឹងត្រូវទទួលយកបាន។

តែយ៉ាងណាមិញ Xavi Hernández ក៏បានទស្សន៍ទាយពីវគ្គ ១៦ក្រុមចុងក្រោយ ខុសខ្លះផងដែរដោយពុំមានវៀតណាម តែទីបំផុតវៀតណាម បានឡើង ខណៈស៊ីរី ដែលទាយថាឡើង បែរជាមិនបានឡើងទៅវិញ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ នៅវគ្គ ៨ក្រុមចុងក្រោយ Xavi បានធ្វើការទស្សន៍ទាយត្រូវច្រើន ដោយរួមមានចិន ប៉ះ អ៊ីរ៉ង កូរ៉េខាងត្បូង ប៉ះកាតា អារ៉ាបរួម ប៉ះអូស្រ្តាលី និងខុសតែ១គូប៉ុណ្ណោះ គឺរវាង ជប៉ុន ជាមួយ វៀតណាម ដែលលោកជ្រើសរើសយក ស៊ីរី ជំនួស។

សូមបញ្ជាក់ថា ការប្រកួតផ្ដាច់ព្រ័ត្រ រវាងជប៉ុន ជាមួយ កាតា នឹងធ្វើឡើងនៅយប់ថ្ងៃទី០១ ខែកុម្ភៈ នាវេលាម៉ោង ៩យប់ លើកីឡដ្ឋានដែលអាចផ្ទុកទស្សនិកជន បានប្រមាណ ៤៥,០០០​ នាក់ Zayed Sports City Stadium៕

 

រូបភាព៖ The-AFC 

អត្ថបទ៖ ណារ៉ុង

មតិយោបល់