ខ្សែប្រយុទ្ធវ័យក្មេង កំពុងឡើងជើងមានឈ្មោះក្នុងបញ្ជីកីឡាកររបស់ U-22 ថៃ មុនមកកម្ពុជា ខែក្រោយ

មាស សុផាណារ៉ុង January 29, 2019


 

ថៃ៖ ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ ដែលកំពុងឡើងជើងក្នុងក្រុមជម្រើសជាតិថៃ កីឡាករ Supachai Jaided ត្រូវបានគ្រូបង្វឹកនៃក្រុម U-22 ថៃ លោក Alexandre da Gama កោះហៅចូលក្រុមដើម្បីត្រៀមប្រមូលផ្ដុំហ្វឹកហាត់ មុនមកប្រកួតនៅកម្ពុជា ពាក់កណ្ដាលខែក្រោយ។

លោក Alexandre da Gama នៅថ្ងៃទី២៨ ខែមករា ម្សិលមិញបានសម្រេចជ្រើសរើសយកកីឡាករបឋមចំនួន ៣៨នាក់ ដើម្បីត្រៀមហ្វឹកហាត់ និងប្រកួតកម្ដៅសាច់ដុំ ដែលមកពីក្លឹបជាច្រើនទាំងនៅក្នុងលីគកំពូលថៃ ក៏ដូចជាលីគទី២ជាដើម តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ខ្សែប្រយុទ្ធដែលកំពុងបង្ហាញទម្រង់យ៉ាងល្អជាមួយជម្រើសជាតិថៃ ឈុតធំ Supachai Jaided ក៏ត្រូវបានកោះហៅចូលក្រុមផងដែរ ដែលជាហេតុនាំឲ្យប្រព័ន្ធប្រយុទ្ធរបស់ក្រុមនេះមើលទៅកាន់តែខ្លាំង។

ក្រៅតែពីកីឡាករសំខាន់មួយរូបនេះហើយ U-22 ថៃ ក៏មានកីឡាករដែលល្បីឈ្មោះជាច្រើនទៀតផងដែរ ដូចជា Jakkrit Wachpirom ដែលធ្លាប់ប្រកបអាជីពនៅលីគទី៣ ជប៉ុន , Sittichok Paso ធ្លាប់ប្រកបអាជីពនៅលីគលីគទី៣ ជប៉ុនដូចគ្នា , កីឡាករ Kevin Deeromram ជាកូនកាត់ថៃ ស៊ុយអែត , Worachit Kanitsribampen ដែលធ្លាប់ទៅហ្វឹកហាត់នៅជប៉ុន ជាដើម។

សម្រាប់កីឡាករចំនួន ៣៨រូបដែលត្រូវ លោក Alexandre da Gama កោះហៅនេះនឹងត្រូវជម្រុះមកនៅត្រឹម ២៣នាក់ប៉ុណ្ណោះដែលជាជម្រើស ២៣នាក់ល្អបំផុត តែមុននឹងឈានដល់ការជម្រុះ U-22 ថៃ នឹងធ្វើការប្រកួតកម្ដៅសាច់ដុំចំនួន ២ប្រកួតផងដែរ ដោយប្រកួតដំបូងជាមួយ ក្រុម U-22 កូរ៉េខាងត្បូង និងប្រកួតទី២ ទល់នឹងក្រុមរបស់លីគទី២ ចិន Meizhou Hakka FC ទាំង២ប្រកួតនេះសុទ្ធតែធ្វើឡើងនៅប្រទេសថៃ។ យ៉ាងណាមិញសម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុមជាម្រើសជាតិថៃ អាយុក្រោម២២ឆ្នាំ តាមគម្រោងគឺចាប់ផ្ដើមនៅថ្ងៃទី ០៤ ខែ កុម្ភៈ បានសេចក្ដីថាតែកន្លះខែប៉ុណ្ណោះមុនព្រឹត្តិការណ៍ប្រកួតផ្លូវការមកដល់។

គួរដឹងដែរថា ការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម២២ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-22 Championship 2019 ) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ហើយបញ្ចប់នៅថ្ងៃទី២៦ ខែដដែល ឆ្នាំ២០១៩ មានក្រុមចំនួន ៨ចូលរួមប្រកួត បែងចែកចេញជា២ពូល រួមមានពូល A វៀតណាមថៃទីម័រខាងកើត និងហ្វីលីពីន ស្របពេលដែលពូល B មានកម្ពុជា , ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី៕

 

ប្រភព និងរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់ថៃ – FA Thailand

អត្ថបទ៖ ណារ៉ុង

មតិយោបល់