សាលារៀននៅអារ៉ាប់រួម អនុញ្ញាតិឲ្យចេញមុន ២ម៉ោង ដើម្បីអ្នកគាំទ្រមានឱកាសបានទស្សនាការប្រកួតជម្រើសជាតិខ្លួន

មាស សុផាណារ៉ុង January 29, 2019


 

អាស៊ី៖ សាលារៀននៅទូទាំងប្រទេសអារ៉ាប់រួម នឹងអនុញ្ញាតិឲ្យចេញមុនម៉ោងរៀន ២ម៉ោង នៅថ្ងៃអង្គារនេះ ដើម្បីឱ្យក្រុមអ្នកគាំទ្រ អាចចូលរួមទស្សនា​ការប្រកួតរបស់ អារ៉ាប់រួម ទល់នឹង កាតា នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Asian Cup។

សាលារៀនទាំងអស់របស់រដ្ឋ នឹងបិទទ្វារមុនម៉ោងចេញធម្មតា បន្ទាប់ពីសេចក្តីប្រកាសរបស់ក្រសួងអប់រំ ស្របពេលដែលសាលាឯកជនជាច្រើនក៏ត្រូវបានគេរំពឹងថានឹងធ្វើដូចគ្នាផងដែរ។

សាលារៀន Brighton College Abu Dhabi ដែលជាសាលារៀនឯកជនមួយនៅអារ៉ាប់រួម បានបញ្ជូនសារាចរជូនឪពុកម្តាយនៅថ្ងៃចន្ទ ដោយបញ្ជាក់ថា សាលានឹងត្រូវបិទនៅប្រហែលម៉ោង ១រសៀល បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងពីនាយកដ្ឋានអប់រំ និងចំណេះដឹង ប្រចាំទីក្រុង Abu Dhabi។

មន្រ្តីរដ្ឋាភិបាលបាននិយាយថា ការបិទសាលាមុនម៉ោងបែបនេះ គឺដើម្បីបង្កើនការចូលរួម ការគាំទ្រសម្រាប់ការប្រកួត និង «លើកទឹកចិត្តដល់ក្រុមជម្រើសជាតិរបស់យើង»។ សារាចរដែលបានចេញដោយក្រសួងកាលពីថ្ងៃចន្ទ បានកំណត់ឲ្យសាលារៀនកាត់បន្ថយម៉ោងរៀននីមួយៗ។ សារាចរនេះក៏បានណែនាំដល់សាលារៀនផងដែរឱ្យសម្របសម្រួលជាមួយឪពុកម្តាយ និងក្រុមហ៊ុនដឹកជញ្ជូន ដើម្បីធានាថាសិស្សត្រូវបានគេចាំទទួលយកមុន។

ការប្រកួតដ៏តាន់តឹងរវាងអារ៉ាប់រួម ជាមួយ កាតា យប់នេះនឹងធ្វើឡើងនៅវេលាម៉ោង ៩យប់ ( ម៉ោងនៅកម្ពុជា ) តែការដែលសាលារៀនឆាប់បិទទ្វារមុនបែបនេះ នឹងជួយសម្រួលផ្លូវ ហើយអនុញ្ញាតឱ្យអ្នកគាំទ្រធ្វើដំណើរទៅកាន់កីឡដ្ឋាន Mohamed bin Zayed នៅ Abu Dhabi បានយ៉ាងងាយស្រួល។

សូមបញ្ជាក់ថា ក្រុមដែលឈ្នះពីការប្រកួតយប់នេះ នឹងត្រូវទៅជួប ជប៉ុន នៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមជើងឯកនៅថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០១៩៕

 

ប្រភព៖ thenational.ae

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់