U-22 វៀតណាម នឹងមិនកោះហៅកីឡាករ ២រូបពីជម្រើសជាតិឈុតធំ មករួមក្រុមឡើយ

មាស សុផាណារ៉ុង January 28, 2019


 

វៀតណាម៖ ជម្រើសជាតិវៀតណាម អាយុក្រោម២២ឆ្នាំ នឹងត្រូវឡើងមកប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ីអាគ្នេយ៍ ​AFF U-22 Championship 2019 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៅពាក់កណ្ដាលខែកុម្ភៈ ខណៈតាមសម្ដីគ្រូបង្វឹក កីឡាករដ៏សំខាន់ ២រូបពីក្រុមជម្រើសជាតិឈុតធំ Quang Hai និង Van Hau ពុំត្រូវបានកោះហៅចូលក្រុមឡើយ។

Quang Hai និង Van Hau ជាមួយជម្រើសជាតិឈុតធំវៀតណាម

គ្រូបង្វឹក Nguyen Quoc Tuan ចង់ឲ្យក្រុម U​-22 វៀតណាម មានការវិវឌ្ឍជាមួយនឹងយុទ្ធសាស្រ្តរយៈពេលវែងដែលនឹងជួយសម្រួលដល់កីឡាករវ័យក្មេង ជំនួសឱ្យសមាជិកដែលមានបទពិសោធមួយចំនួន។ ការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិវៀតណាម U-22 និងក្លឹបរបស់ Ulsan Hyundai បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ។

ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការប្រកួត គ្រូបង្វឹករូបនេះ ត្រូវបានសួរជុំវិញការកោះហៅកីឡាករពោរពេញដោយបទពិសោធន៍ ពីជម្រើសជាតិឈុតធំដែលមានអាយុអាចចូលរួមបាន ថានឹងកោះហៅឬយ៉ាងណា លោក Nguyen Quoc Tuan បានលើកឡើងថា៖ «យើងនឹងមិនផ្តោតលើកីឡាករ U-22 ឡើយ។ វៀតណាម មានយុទ្ធសាស្ត្រយូរអង្វែងគោលបំណងរបស់ខ្ញុំគឺចង់ឱ្យអ្នកមានលក្ខខណ្ឌដើម្បីក្លាយជាកីឡាករជំនាន់ក្រោយ»។ ដែលការណ៍នេះគឺច្បាស់ណាស់ កីឡាករ ២រូបដែលអាយុរបស់គេអាចចូលរួមការប្រកួតនេះបាន រវាង Nguyen Quang Hai និង Doan Van Hau នឹងត្រូវបានកោះហៅចូលរួមជាមួយ U-22 វៀតណាមឡើយ។

ជាមួយគ្នានេះផងដែរ ក្នុងព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ីអាគ្នេយ៍ សម្រាប់គ្រូបង្វឹកនៃ U-22 វៀតណាម លោក Nguyen Quoc Tuan បានបញ្ជាក់ថា គោលដៅរបស់ក្រុមគឺឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ខណៈក្រុមនេះត្រូវស្ថិតនៅពូល A ជាមួយ ថៃ , ទីម័រខាងកើត និងហ្វីលីពីន ស្របពេលដែលការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៧ ខែកុម្ភៈ ហើយបញ្ចប់នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩៕

 

រូបភាព៖ thethao & doisong & vietnamnet

ប្រភព៖ Zing.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់