កីឡាករធ្លាប់បង្ហាញមុខនៅ World Cup U-20 ជាមួយមីយ៉ាន់ម៉ា ប្រកាសចូលនិវត្តន៍ទាំងវ័យក្មេង

មាស សុផាណារ៉ុង January 15, 2019


 

មីយ៉ាន់ម៉ា៖ ខ្សែបម្រើសញ្ជាតិមីយ៉ាន់ម៉ាមួយរូប កីឡាករ Kyaw Min Oo បានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ទាំងវ័យក្មេង ពោលគឺត្រឹម២២ឆ្នាំ  នេះបើយោងតាមការប្រកាសនៅលើហ្វេសប៊ុកផ្ទាល់របស់កីឡាករ។

Kyaw Min Oo ឈរខាងក្រោយ ពាក់អាវលេខ៦

អតីតសមាជិកនៃក្រុមជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម២០ឆ្នាំ ដែលធ្លាប់ជួយឲ្យក្រុមជម្រើសជាតិបានបង្ហាញមុខក្នុងព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកយុវជនអាយុក្រោម២០ឆ្នាំ ( U20 World Cup 2015 ) កាលពីឆ្នាំ២០១៥ បានប្រកាសពីមូលហេតុដែលសម្រេចចិត្តចូលនិវត្តន៍ទាំងវ័យក្មេងបែបនេះ គឺដោយសារតែទទួលរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ។

កីឡាកររូបនេះត្រូវបានគេដឹងថា បានតស៊ូជម្នះជាមួយនឹងរបួសជង្គង់ រយៈពេល៣ឆ្នាំមកហើយ ដោយបានធ្វើការវះកាត់ជាច្រើនលើកច្រើនសារ បន្ទាប់ពីការវះកាត់របួសរបស់កីឡាករវ័យ ២២ឆ្នាំរូបនេះ មិនបានបង្ហាញសញ្ញានៃការរីកចំរើនទាល់តែសោះ ហើយត្រូវបានឲ្យទទួលការព្យាបាលបន្ថែមទៀត តែជាលទ្ធផលដែលខ្សែបម្រើរូបនេះទទួលបាន គឺការសម្រេចព្យួរស្បែកជើងត្រឹមពេលនេះ។

Kyaw Min Oo ពេលប្រកួតទល់នឹង U-22 អាមេរិក ដែលរួមពូលកាលពីឆ្នាំ២០១៥

Kyaw Min Oo បានវិវឌ្ឍន៍ខ្លួនតាមរយៈក្រុមបាល់ទាត់មីយ៉ាន់ម៉ាជាច្រើនកម្រិតអាយុ រហូតដល់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិក្រុមធំ នៅក្នុងឆ្នាំ២០១៤ នៅពេលដែលរូបគេមានអាយុត្រឹមតែ១៨ឆ្នាំ ប៉ុណ្ណោះ។ ខ្សែបម្រើកណ្តាល រូបនេះធ្លាប់បានជាប់ឈ្មោះកីឡាករឆ្នើមទី៣ បន្ទាប់ពីមិត្តរួមជាតិ កីឡាករ Aung Thu និងកីឡាករវៀតណាម Nguyen Cong Phuong ក្នុងពានរង្វាន់កីឡាករឆ្នើមវ័យក្មេងរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ កាលពីឆ្នាំ២០១៦។

ដោយត្រូវបានចាត់ទុកថាជាខ្សែបម្រើកណ្តាលដ៏ល្អបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា រូបគេបានលេងឱ្យជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម២០ឆ្នាំ ក្នុងការប្រកួតបាល់ទាត់ពិភពលោក ( U20 World Cup 2015 ) ផងដែរ ដែលកាលនោះបានឆ្លងកាត់ការប្រកួតជម្រុះជាលើកច្រើនសារទម្រាំបានដល់ជុំផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅប្រទេសនូវេលហ្សឺឡង់៕

 

ប្រភព៖ foxsportsasia

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់