សប្ដាហ៍ដំបូងនៃលីគកំពូលមីយ៉ាន់ម៉ា ក្រុមទើបឡើងមកពីលីគទី២ ឈរកំពូលតារាង

មាស សុផាណារ៉ុង January 14, 2019


 

មីយ៉ាន់ម៉ា៖ ការប្រកួតពានរង្វាន់លីគកំពូលមីយ៉ាន់ម៉ា ( Myanmar National League ) បានចាប់ផ្ដើមការប្រកួតរបស់ខ្លួនជាផ្លូវការហើយ សម្រាប់រដូវកាលថ្មី២០១៩ ខណៈក្រុមទើបឡើងមកពីលីគទី២ បច្ចុប្បន្នកំពុងឈរលើគេនៃតារាងចំណាត់ថ្នាក់សប្ដាហ៍ទី១។

រយៈពេលច្រើនជាង៣ខែ បន្ទាប់លីគរដូវកាល២០១៨ បានបញ្ចប់ ការប្រកួតរដូវកាល២០១៩ ក៏បានចាប់ផ្ដើម ដោយលីគដែលមានក្រុមចំនួន១២ចូលរួមប្រកួតមួយនេះ បានបញ្ចប់ការប្រកួតសប្ដាហ៍ទី១ របស់ខ្លួនបណ្ដោះអាសន្ន ជាមួយនឹងការប្រកួតចំនួន៥គូ ជាលទ្ធផលមានឈ្នះចាញ់ ៣គូ និងស្មើ១គូ ខណៈ១គូទៀតប្រកួតបញ្ចប់នៅថ្ងៃស្អែក។ ជាការចាប់អារម្មណ៍សប្ដាហ៍ដំបូងក្រុមដែលទើបតែឡើងមកលីគកំពូល Dagon FC បានធ្វើឲ្យមានការភ្ញាក់ផ្អើលក្រោយឈ្នះ ក្រុមដែលចាស់វស្សាក្នុងលីគ Zwekapin United FC ៣ទល់១ និងឡើងឈរលើកំពូលតារាងនៃលីគសប្ដាហ៍ដំបូង។

ក្រៅតែពីក្រុមដែលទើបឡើងលីគកំពូលទទួលបានលទ្ធផលល្អហើយ ក្រុមការពារតំណែងជើងឯកឯណោះវិញ ក៏ធ្វើបានល្អដូចគ្នាដោយឈ្នះគូប្រកួត ៣ទល់១ ដូចគ្នា នឹងឈរតំណាលគ្នាជាមួយ Dagon FC ផងដែរ។

តារាងចំណាត់ថ្នាក់សប្ដាហ៍ដំបូងនៃលីគមីយ៉ាន់ម៉ា៖ 

សូមបញ្ជាក់ថា លីគកំពូលមីយ៉ាន់ម៉ា មានក្រុមចំនួន១២ចូលរួមប្រកួត ប្រកួតតាមរូបមន្តវិលជុំសន្សំពិន្ទុ ដោយក្រុម១ នឹងត្រូវប្រកួត២២ដង ហើយលីគនេះគ្រោងនឹងបញ្ចប់នៅអំឡុងចុងខែកញ្ញា។ គួរដឹងដែរថាលីគមីយ៉ាន់ម៉ា កាលពីរដូវកាលមុនក្រុមជើងឯកគឺបានទៅលើ Yangon United ខណៈសមាជិកថ្មី២ក្រុមគឺ Dagon FC ជាមួយ ChinLand FC។

សម្រាប់ជើងឯកពានរង្វាន់លីគកំពូលមីយ៉ាន់ម៉ា គឺនឹងទទួលបាន ១០០,០០០,០០០ kyats ស្មើឬប្រហាក់ប្រហែល ៦,៥០០០ ពាន់ដុល្លារអាមេរិក៕

 

រូបភាព៖ Myanmar National League

អត្ថបទ៖ ណារ៉ុង

មតិយោបល់