ចាញ់២ប្រកួតជាប់គ្នា តែវៀតណាម នៅមានឱកាសអាចឡើងទៅវគ្គបន្តនៃពាន AFC Asian Cup 2019

មាស សុផាណារ៉ុង January 13, 2019


 

អាស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានបន្តរងបរាជ័យក្នុងជំនួបទី២របស់ខ្លួន ប្រចាំពូល ​D នៃពានរង្វាន់ AFC Asian Cup 2019 ក្រោមថ្វីជើងជម្រើសជាតិអ៊ីរ៉ង់ ដោយលទ្ធផល ០ទល់២ កាលពីល្ងាចថ្ងៃទី១២ មករា ម្សិលមិញ។

បរាជ័យនេះបានសេចក្ដីថា វៀតណាម មិនទាន់រកពិន្ទុបាននៅឡើយទេនៅក្នុងពូល ក៏ដូចជាក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងនៅរៀងរាល់៤ឆ្នាំម្ដងនេះ បន្ទាប់ពីប្រកួតចាញ់ទាំង២ប្រកួត ប៉ុន្តែក្រុមដែលមកពីតំបន់អាស៊ីអាគ្នេយ៍មួយនេះ នៅមិនទាន់អស់ឱកាស១០០​ភាគរយនៅឡើយទេ បើសិនណាជាប្រកួតចុងក្រោយអាចយកឈ្នះ យេមែន។

យ៉ាងណាមិញ ប្រកួតចុងក្រោយរបស់វៀតណាម បើសិនជាយកឈ្នះ យេមែន ហើយក៏នៅត្រូវរង់ចាំអ៊ុតលទ្ធផលប្រៀបធៀបពិន្ទុជាមួយក្រុមលេខ ៣ល្អពីពូលចំនួន ៥ផ្សេងទៀតផងដែរ ដើម្បីអាចឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ក្នុងនាមជាក្រុមលេខ៣ល្អ ដែលតម្រូវឲ្យមានតែ៤ក្រុមប៉ុណ្ណោះ។

ជាបណ្ដោះអាសន្ន ក្រុមដែលកំពុងឈរនៅលេខ៣ល្អ ចំនួន៤ក្រុមរួមមាន ថៃ (៣ពិន្ទុ) ស៊ីរី (១ពិន្ទុ) តួកមីនីស្ថាន ជាមួយ កៀហ្ស៊ីស៊ីស្ថាន (០ពិន្ទុ តែគិតលើផលសងគ្រាប់បាល់) និងលេខរៀងទី៥,៦ វៀតណាម ជាមួយ លីបង់។ បញ្ជាក់ថា ក្រុមចំណាត់ថ្នាក់លេខ៣ល្អ គឺប្រៀបធៀបដំបូង លើពិន្ទុ និងជាបន្តបន្ទាប់ គិតលើផលសងគ្រាប់បាល់, គ្រាប់បាល់ទាត់ចូលគូប្រកួត, វិន័យ ( សំដៅលើកាត លឿង + ក្រហម ) និងចុងក្រោយគឺជាការចាប់ឆ្នោត។

ប្រកួតចុងក្រោយរបស់ វៀតណាម នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ខណៈលទ្ធផលផ្លូវការថាក្រុមលេខ ៣ល្អណាខ្លះនឹងត្រូវឡើងទៅវគ្គបន្ត នឹងដឹងនៅថ្ងៃទី១៧ ខែដដែល៕

 

រូបភាព៖ Zing & The-AFC

អត្ថបទ៖ ណារ៉ុង

មតិយោបល់