ខ្សែការពារសិង្ហបុរី បទពិសោធជោគជាំ ចូលរួមជាមួយក្លឹបទើបឡើងមកលីគកំពូលថៃលើកដំបូង ដែលទើបបង្កើតបាន៧ឆ្នាំ

មាស សុផាណារ៉ុង January 12, 2019


 

ថៃ៖ ខ្សែការពារនៃក្រុមជម្រើសជាតិសិង្ហបុរី ពោរពេញទៅដោយបទពិសោធជោគជាំ កីឡាករ Baihakki bin Khaizan បានសម្រេចផ្លាស់មកចូលរួមជាមួយក្លឹបទើបឡើងមកលីគកំពូលថៃ ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Trat FC ចាប់តាំងពីក្លឹបនេះបានបង្កើតនៅឆ្នាំ២០១២មក។

ក្លឹបដែលមានរហស្សនាមថា ដំរីស មួយនេះបានប្រកាសកាលពីម្សិលមិញអំពីការនាំយកកីឡាករសញ្ជាតិសិង្ហបុរី ដើម្បីបំពេញកូតាកីឡាករអាស៊ាន ដែលតម្រូវដោយលីគរបស់ខ្លួន ពោលគឺកីឡាករ Baihakki bin Khaizan មានវ័យ៣៤ឆ្នាំ ផ្ទេរពី Muangthong United ( តែត្រូវបានឲ្យខ្ចីជើងបន្តទៅកាន់ក្លឹប Udon Thani រដូវកាលមុន )។

កីឡាករ Baihakki ដែលនឹងឈានចូលវ័យ៣៥ឆ្នាំ នៅចុងខែមករាខាងមុខនេះ សង្ឃឹមថានឹងប្រើប្រាស់សកម្មភាពនេះដើម្បីលើកទឹកចិត្តដល់កីឡាករបាល់ទាត់សិង្ហបុរីផ្សេងទៀត ជាពិសេសកីឡាករដែលស្ថិតក្នុងភាពស្រេកឃ្លានក្នុងភាពរីកចម្រើននៃអាជីពរបស់ពួកគេ។

Baihakki bin Khaizan លេខ៥ ពេលប្រកួតមិត្តភាពរវាងជម្រើសជាតិខ្លួន ទល់នឹង Arsenal 

«ខ្ញុំសង្ឃឹមថាការផ្ទេរនេះក៏ជម្រុញដល់កីឡាករណាក៏ដោយដែលមានវ័យចាស់ ហើយត្រូវច្រានចោលដោយក្លឹបដោយសារតែអាយុរបស់ពួកគេ។ អ្វីៗអាចធ្វើទៅបានដរាបណាយើងដាក់ចិត្ត ដាក់កាយរបស់យើងទៅក្នុងរឿងនោះ»។ សម្ដីរបស់ Baihakki bin Khaizan។

Baihakki bin Khaizan លេងក្នុងតួនាទីខ្សែការពារកណ្ដាល ចាប់ផ្ដើមអាជីពបាល់ទាត់ដំបូងនៅឆ្នាំ២០០៣ ជាមួយក្លឹបក្នុងស្រុក Geylang United និងធ្លាប់បានចេញទៅប្រកបអាជីពនៅក្រៅប្រទេសដូចជា ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងចុងក្រោយនៅថៃនេះផ្ទាល់តែម្ដង៕

 

ប្រភព៖ Thai League

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់