Fabregas ទៅចូលរួមជាមួយក្លឹបបារាំង ដោយបន្សល់ទុកកំណត់ត្រាបង្ហាញខ្លួន៣៥០ប្រកួតគត់នៅអង់គ្លេស

មាស សុផាណារ៉ុង January 12, 2019


 

បារាំង៖ ខ្សែ​បម្រើ​របស់ Chelsea និងជាអតីតសមាជិករបស់កាំភ្លើងធំ Arsenal កីឡាករ Cesc Fabregas ទីបំផុតបាន​ផ្លាស់​ទៅ​លេង​នៅលីគបារាំង (Ligue 1) ជាមួយក្លឹប AS Monaco ជា​ផ្លូវការ​ហើយ ក្រោយមានពាក្យចចាមអារាមជាហូរហែរ។

ការផ្លាស់ទៅចូលរួមនេះនឹងធ្វើឲ្យ Febregas ​បាន​ជួប​អតីតមិត្តរួម​ក្រុមនៅ Arsenal ​​គឺ Thierry Henry ប៉ុន្តែក្នុងនាមជាគ្រូនិងសិស្ស ដោយមានកិច្ចសន្យារយៈពេល​៣​ឆ្នាំ​កន្លះ ជាមួយនឹងការ​ផ្ទេរ​​តម្លៃ​ខ្លួន​ចន្លោះ​ពី ​៨​ទៅ​១០​លាន​អឺរ៉ូ។

នេះជាការចាកចេញពីលីគបាល់ទាត់អង់គ្លេសជាលើកទី២ សម្រាប់កីឡាករវ័យ៣១ឆ្នាំរូបនេះ ដោយធ្លាប់បានចាកចេញពីបាល់ទាត់អង់គ្លេសម្ដងកាលពីឆ្នាំ២០១១ កាលនោះផ្លាស់ពី Arsenal ទៅចូលរួមជាមួយ FC Barcalona មុនត្រលប់មកអង់គ្លេសវិញចូលរូមជាមួយតោខៀវ Chelsea នៅឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្នផ្ទេរទៅ Monaco នេះ។

សរុបមក ​មុនចាកចេញពីអង់គ្លេសជាលើកទី២ Cesc Fabregas បានបន្សល់ទុកកំណត់ត្រាបង្ហាញខ្លួនបាន៣៥០ប្រកួតគត់ ក្នុងនោះ ២១២ប្រកួត ជាមួយ Arsenal និងទាត់បាល់បញ្ចូលទីបាន៣៥គ្រាប់ និងជាមួយ Chelsea បាន១៣៨ប្រកួត រកគ្រាប់បាល់បាន ១៥គ្រាប់ ផងដែរ។

ចូលរួមជាមួយ AS Monaco កីឡាករដែលរួមចំណែកជួយឲ្យអេស៉្បាញ ឈ្នះជើងឯកពិភពលោកកាលពីឆ្នាំ២០១០ រូបនេះនឹងទទួលបានអាវលេខ៤៤ ដែលបន្ថែមពីលើលេខអាវប្រចាំត្រកូលលេខ៤ ផងដែរ៕

 

រូបភាព៖ AS Monaco & Goal.com

អត្ថបទ៖ ណារ៉ុង

មតិយោបល់