ហ្វីលីពីន សល់ឱកាសតិចតួចបំផុតក្នុងការឡើងទៅវគ្គបន្ត ក្រោយបន្តចាញ់យប់មិញក្នុងពាន AFC Asian Cup

មាស សុផាណារ៉ុង January 12, 2019


 

អាស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន កាលពីយប់មិញបានបន្តរងបរាជ័យក្នុងជំនួបទី២របស់ខ្លួន ប្រចាំពូល C នៃពានរង្វាន់ AFC Asian Cup 2019 ក្រោមថ្វីជើងជម្រើសជាតិចិន ដោយលទ្ធផល ០ទល់៣។

ពីការប្រកួត ជម្រើសជាតិហ្វីលីពីន ហាក់ធ្វើបានល្អនៅដើមវគ្គទី១នាប៉ុន្មាននាទីដំបូង ប៉ុន្តែចិន ដែលស្ថិតក្នុងជំហមានប្រៀបជាងនោះអាចរកគ្រាប់បាល់នាំមុខមុននៅក្បែរនឹងបញ្ចប់វគ្គទី១ នាទី៤០។ វគ្គទី២ គឺជាវគ្គរបស់ចិន ដោយក្រុមមានរហស្សនាមថា នាគចិន មួយនេះបន្ថែមគ្រាប់បាល់២គ្រាប់ទៀត នៅនាទី៦៦ និង៨០ ជាលទ្ធផលត្រចះត្រចងក្នុងការជួយឲ្យក្រុមខ្លួនធានាកៅអីក្នុងវគ្គ១៦ក្រុមចុងក្រោយ។

ងាកមកក្រុមមកពីតំបន់អាស៊ីអាគ្នេយ៍ ហ្វីលីពីន វិញ ក្រុមនេះហាក់នៅសល់ឱកាសតិចតួចបំផុតក្នុងការបន្តដំណើររបស់ខ្លួនទៅកាន់វគ្គ១៦ក្រុមចុងក្រោយ នាមជាក្រុមលេខ៣ល្អ ដោយក្រៅតែត្រូវការឈ្នះគូប្រកួតបន្ទាប់ កៀហ្ស៊ីស៊ីស្ថាន ហើយក៏នៅត្រូវរង់ចាំអ៊ុតលទ្ធផលប្រៀបធៀបពិន្ទុជាមួយក្រុមលេខ៣ល្អពីពូលចំនួន ៥ផ្សេងទៀតផងដែរ។

ប្រកួតចុងក្រោយរបស់ ហ្វីលីពីន ណឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ខណៈលទ្ធផលផ្លូវការថាក្រុមលេខ ៣ល្អណាខ្លះនឹងត្រូវឡើងទៅវគ្គបន្ត នឹងដឹងនៅថ្ងៃទី១៧ ខែដដែល៕

 

រូបភាព៖ The-AFC

អត្ថបទ៖ ណារ៉ុង

មតិយោបល់