មុនប៉ះចិនយប់នេះ គ្រូហ្វីលីពីន ថានឹងមិនយកចំណុចគុណវិបត្តិដែលខ្លួនធ្លាប់ធ្វើការនៅប្រទេសចិនទៅតតាំងឡើយ

មាស សុផាណារ៉ុង January 11, 2019


 

អាស៊ី៖ លោក Sven-Goran Eriksson ត្រូវបានស្គាល់ច្បាស់ថា ជាគ្រូបង្វឹកដែលធ្លាប់មានបទពិសោធន៍បាល់ទាត់នៅចិន ប៉ុន្តែគ្រូបង្វឹកក្រុមដែលមានរហស្សនាមថា ឆ្កែអនាថា មួយនេះនិយាយថាវាគ្រាន់តែជា «គុណសម្បត្តិតិចតួចប៉ុណ្ណោះ»។

លោក Sven-Goran Eriksson គ្រូបង្វឹក និងខ្សែប្រយុទ្ធ Javier Patiño របស់ក្រុមជម្រើសជាតិហ្វីលីពីន អាចនឹងនាំយកបទពិសោធន៏រៀងៗខ្លួន ពីក្របខ័ណ្ឌ Chinese Super League មកលើទីលានប្រកួត ប៉ុន្តែសមាជិកក្រុមជាម្រើសជាតិទាំង២រូបនេះ នឹងមិនពឹងផ្អែកលើគុណសម្បត្តិទាំងនោះ ដើម្បីទៅប្រើប្រាស់ជាមួយក្រុមដែលកំពុនាំមុខក្នុងពូល ( ជម្រើសជាតិចិន ) នៅក្នុងពាន AFC Asian Cup 2019 នេះឡើយ។

លោក Eriksson បាននិយាយថា៖ «ថ្ងៃនេះ ជាមួយនឹងវីដេអូទាំងអស់ ការដើរសង្គេតជុំវិញពិភពលោក មិនមានអាថ៌កំបាំងទេ។ គ្រប់គ្នាដឹងពីរបៀបដែលកីឡករលេង។ យើងបានឃើញចិនលេងជាច្រើនប្រកួតមកហើយ វាពិតជាមានអត្ថប្រយោជន៍បន្តិចមែន»។ លោកបន្តថា ពួកគេផ្តោតការយកចិត្តទុកដាក់ទៅលើលក្ខខណ្ឌកាយសម្បទា និងការរៀនសូត្រពីកំហុសឆ្គងរបស់ពួកគេនៅក្នុងការប្រកួតបើកឆាកទល់នឹង កូរ៉េខាងត្បូង ដូចដែលគេត្រូវជួបនឹង ចិន នៅថ្ងៃសុក្រនេះ។

ដឹងផងដែរថា លោក Eriksson ធ្លាប់ដឹកនាំក្រុម Guangzhou R & F នៅក្នុងឆ្នាំ២០១៣ និងបានចំណាយពេល៤ឆ្នាំ ធ្វើការនៅក្នុងប្រទេសចិន ដឹកនាំក្លឹប Shanghai SIPG និងក្រុមលីគទី២ចិន Shenzhen ផងដែរ។

ដោយឡែកកីឡាករ Patiño ក៏ធ្លាប់ជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ក្រុម Henan Jianye FC នៅលីគកំពូលចិនផងដែរ ជាទីដែលរូបគេទាត់បាល់បញ្ចូលទីបាន ២៣គ្រាប់ ក្នុងការបង្ហាញខ្លួន ៦០ប្រកួតក្នុងរយៈពេល ៣ឆ្នាំជាមួយក្លិប ប៉ុន្តែខ្សែប្រយុទ្ធកូនកាត់ ហ្វីលីពីន-អេស្ប៉ាញ រូបនេះរងរបួសនៅរដូវកាលចុងក្រោយក្នុងប្រទេសចិន ដែលនាំឱ្យរូបគេត្រលប់មកចូលរួមក្រុម Buriram United វិញជាអតីតក្លឹបរបស់គេនៅថៃ។

បន្ទាប់ពីការបង្ហាញពីភាពភ្ញាក់ផ្អើល ទល់នឹងកូរ៉េខាងត្បូង ក្រុមឆ្កែអនាថា មួយនេះទំនងជាអាចធ្វើឱ្យចិន មានការភ្ញាក់ផ្អើលដូចគ្នាផងដែរ ដើម្បីសម្រេចបំណងចាប់យកឱកាសនៃការឈានទៅវគ្គ១៦ក្រុម ចុងក្រោយ។ ការប្រកួតរវាងក្រុមទាំង២ នឹងធ្វើឡើងនៅវេលាម៉ោង ៨:៣០នាទី ( ម៉ោងនៅកម្ពុជា ) នៅកីឡដ្ឋាន Mohammed Bin Zayed ក្នុងទីក្រុង Abu Dhabi៕

 

ប្រភព៖ rappler

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់