​លោក Unai Emery ប្រកាសក្ដែងៗថា Arsenal មិនអាចទិញកីឡាករឡើយ គឺបានត្រឹមតែខ្ចីជើង

មាស សុផាណារ៉ុង January 11, 2019


 

អង់គ្លេស៖ គ្រូបង្វឹកនៃក្រុមកាំភ្លើងធំ Arsenal លោក Unai Emery បានច្រានចោលរាល់ការចុះកិច្ចសន្យាផ្ទេរអចិន្ត្រៃយ៍លើកីឡាករទាំងឡាយណា មកកាន់ទឹកដី Emirates នៅខែមករានេះ ដោយអាចបានត្រឹមតែកិច្ចព្រមព្រៀងខ្ចីជើងតែប៉ុណ្ណោះ។

គ្រូបង្វឹកក្រុម Arsenal បាននិយាយកាលពីសប្តាហ៍មុនថា រូបលោកចង់បានខ្សែការពារកណ្តាល និងខ្សែបម្រើស្លាបម្នាក់ ប៉ុន្តែបន្ទាប់ពីចំណាយប្រាក់អស់ជាង ៧០លានផោនលើ អ្នកចាំទី Bernd Leno, Stephan Lichtsteiner, Sokratis Papastathopoulos, Lucas Torreira និង Matteo Guendouzi លោក Emery បានទទួលស្គាល់ថាទីផ្សារដោះដូរកីឡាករ នារដូវរងារនេះនឹងត្រូវរឹតត្បិតកាន់តែច្រើនសម្រាប់ Arsenal ។

លោក Emery បាននិយាយមុនពេលប៉ះ West Ham នៅថ្ងៃសៅរ៍ នេះថា៖ «យើងមិនអាចចុះហត្ថលេខាលើនរណាម្នាក់ ក្នុងកិច្ចសន្យាផ្ទេរជាអចិន្ត្រៃយ៍បាននោះទេ  មានតែការខ្ចីជើងប៉ុណ្ណោះនៅខែមករានេះ»។ គ្រូបង្វឹក Arsenal ដដែលរូបនេះ បាននិយាយថាគាត់នៅតែត្រូវការការបង្ហាញទម្រង់ដ៏ល្អពី Aaron Ramsey បើទោះបីជាដឹងច្បាស់ពីការចាកចេញរបស់គេនៅបំណាច់រដូវកាលនេះយ៉ាងណាក៏ដោយ។

យ៉ាងណាមិញមានការលើកឡើងបន្ថែមថា ខ្សែបម្រើរបស់ក្លឹប Barcelona កីឡាករ Denis Suarez កាន់តែកៀកក្នុងការចុះហត្ថលេខាជាមួយក្រុមកាំភ្លើងធំ Arsenal នេះបើយោងតាមសេចក្តីរាយការណ៍ពី Sky ប្រចាំប្រទេសអ៊ីតាលី ប៉ុន្តែលោក Emery បាននិយាយថា៖ «ខ្ញុំមិនដឹងពីស្ថានភាពរបស់គាត់ទេ។ ប៉ុន្តែខ្ញុំដឹងថាក្លឹបកំពុងធ្វើការងារសម្រាប់លទ្ធភាពនៃនាំយកកីឡាករ ដែលអាចជួយយើងជាមួយនឹងលក្ខខណ្ឌនេះ ( ខ្ចីជើង ) ក្លឹបកំពុងធ្វើការ ហើយគេប្រាប់ខ្ញុំ គ្រប់ស្ថានភាពផ្សេងៗ អាចកើតឡើងគ្រប់ពេលវេលា។ ពេលនេះខ្ញុំមិនមានព័ត៌មានអ្វីនោះទេ»។

Arsenal ត្រូវមានការងារធ្វើកាន់តែធ្ងន់សម្រាប់រដូវកាល ២០១៨-២០១៩ នេះដោយត្រូវប្រជែងកៅអី Top 4 ក្នុងក្របខណ្ឌ Premier League ត្រូវប៉ះ Manchester United នៅជុំទី៤ នៃពាន FA Cup រួមទាំងត្រូវប៉ះ Bate Borisov ក្នុងវគ្គ៣២ក្រុមចុងក្រោយផងដែរ នៃពាន UEFA Europa League ជាមួយនឹងដំណើរវែងឆ្ងាយទៅមុខទៀត៕

 

ប្រភព៖ SkySports

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់