Chanathip: ជ័យជម្នះថ្ងៃនេះជាផលតបស្នងសម្រាប់ការនឿយហត់ និងកិច្ចសហការរបស់ក្រុមទាំងមូល!

នូ មករា January 10, 2019


អារ៉ាប់រួម៖ ខ្សែប្រយុទ្ធ Chanathip Songkrasin ដែលទើបតែជួយក្រុមជម្រើសជាតិថៃ យកឈ្នះលើក្រុមបារ៉ែន ១-០ ក្នុងការប្រកួតជម្រុះពូល ​A នៃព្រឹត្តិការណ៍ AFC Asian Cup 2019 បានថ្លែងថា ជ័យជម្នះថ្ងៃនេះគឺជាផលតបស្នងសម្រាប់ការនឿយហត់ និងកិច្ចសហការរបស់ក្រុមទាំងមូល ខណៈដែលម្នាក់ៗបានខិតខំព្យាយាមយ៉ាងខ្លាំងដើម្បីប្រមូលអារម្មណ៍ក៏ដូចជាសហការគ្នាបានយ៉ាងស្វិតស្វាញនោះ។

កីឡាករឆ្នើមដែលកំពុងប្រកបអាជីពនៅលីគកំពូលជប៉ុនរូបនេះបានបញ្ជាក់ថា៖ “អរគុណអ្នកគ្រប់គ្នាសម្រាប់កម្លាំងចិត្តចំពោះក្រុមទាំងមូល វាជាការជំរុញឱ្យយើងទាំងអស់គ្នាមានភាពរឹងមាំ និងឆន្ទៈក្នុងការជម្នះបញ្ហានានា ហើយបានកសាងស្មារតីរួមមួយដែលនាំឱ្យក្រុមមានកម្លាំងចិត្តមោះមុតខ្លាំងទ្វេដង ដូចនេះ ខ្ញុំគិតថា កាលណាយើងមានសមគ្គីភាព យើងនឹងជម្នះគ្រប់ឧបសគ្គបាន! វាស័ក្តិសមណាស់សម្រាប់ការហត់នឿយ ទឹកចិត្ត កិច្ចសហការរបស់យើង!”

សូមបញ្ជាក់ដែរថា ជ័យជម្ននេះក៏ជាការបំបែកកំណត់ត្រា ៣៩ឆ្នាំនៃការមិនធ្លាប់ឈ្នះក្នុងការប្រកួតក្រៅដីរបស់ក្រុមជាម្រើសជាតិថៃក្នុងព្រឹត្តិការណ៍ AFC Asian Cup 2019 នេះផងដែរ ខណៈដែលក្នុងជំនួប ៥លើកចុងក្រោយជាមួយក្រុមបារ៉ែនគិតពីឆ្នាំ២០១៥មក ក្រុមថៃមិនដែលស្គាល់ជ័យជម្នះនោះទេ ពោលគឺបានត្រឹមស្មើគ្នាប៉ុនណោះ៕
អត្ថបទ៖ មករា

មតិយោបល់