ថៃ ផ្តួល បារ៉ែន ១-០ បំបែកកំណត់ត្រាមិនដែលឈ្នះក្រៅដី ៣៩ឆ្នាំក្នុងពាន AFC Asian Cup

នូ មករា January 10, 2019


អារ៉ាប់រួម៖ ក្រុមជម្រើសជាតិថៃបានបង្ហាញភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានយកឈ្នះលើក្រុមខ្លាំងបារ៉ែនក្នុងលទ្ធផល ១-០ ដែលជាជំនួបទី២ ប្រចាំពូល A របស់ក្រុមឆ្នើមប្រចាំតំបន់អាស៊ាននេះក្នុងពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋាន Al-Maktoum Stadium នៃប្រទេសអារ៉ាប់រួមអេមីរ៉េត។ គ្រាប់បាល់ជ័យជម្នះនេះរកបានដោយកីឡាករ Chanathip Songkrasin ឬ Messi J នៅនាទីទី៥៨ និងជាជ័យជម្នះដ៏រីករាយមួយសម្រាប់ក្រុមដំរីសឹកថៃដែលទើបតែរងបរាជ័យយ៉ាងចាស់ដៃ​ ៤-១ កាលប្រកួតដំបូងជាមួយក្រុមជម្រើសជាតិឥណ្ឌានោះ។

ជាការកត់សម្គាល់ នេះក៏ជាការបំបែកកំណត់ត្រា ៣៩ឆ្នាំនៃការមិនធ្លាប់ឈ្នះក្នុងការប្រកួតក្រៅដីរបស់ក្រុមជាម្រើសជាតិថៃក្នុងព្រឹត្តិការណ៍ AFC Asian Cup 2019 នេះផងដែរ ខណៈដែលក្នុងជំនួប ៥លើកចុងក្រោយជាមួយក្រុមបារ៉ែនគិតពីឆ្នាំ២០១៥មក ក្រុមថៃមិនដែលស្គាល់ជ័យជម្នះនោះទេ ពោលគឺបានត្រឹមស្មើគ្នាប៉ុនណោះ។

គួររំលឹកដែរថា សមាគមបាល់ទាត់ថៃក៏ទើបតែបានប្រកាសថានឹងប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៥លានបាត (ប្រមាណ ១៥៦,០០០ដុល្លារអាមេរិក) ប្រសិនបើក្រុមដំរីសឹកនេះអាចផ្តួលក្រុមបារ៉ែន សម្រាប់ការយកឈ្នះដាច់គ្រាប់បាល់ ១គ្រាប់នោះ។ ដែលការលើកទឹកចិត្តនេះបានធ្វើឡើងភ្លាមៗក្រោយ គ្រូបង្វឹកជនជាតិសែ៊ប៊ី Milovan Rajevac ត្រូវបានបណ្តេញចេញពីតំណែងគ្រូធំ និងជំនួសវិញដោយ លោក Sirisak Yodyardthai ដែលគេពុំសូវស្គាល់នោះ៕


អត្ថបទ៖ មករា

មតិយោបល់