Ramsey នឹងចាកចេញពី​ Arsenal ដោយគ្មានតម្លៃផ្ទេរ ក្នុងដំណើរទៅរួមក្រុមជាមួយ C.Ronaldo

មាស សុផាណារ៉ុង January 10, 2019


 

អង់គ្លេស៖ ខ្សែបម្រើដែលបច្ចុប្បន្នរួមរស់ជាមួយ Arsenal បានយូរជាងគេ កីឡាករ Aaron Ramsey ទីបំផុតនឹងត្រូវចាកចេញពីក្រុមរហស្សនាមកាំភ្លើងធំមួយនេះហើយ នៅរដូវក្ដៅខាងមុខ ដើម្បីទៅចូលរួមជាមួយក្លឹប Juventus ដោយគ្មានតម្លៃផ្ទេរ។

សារព័ត៌មាន Sky ក្នុងប្រទេសអ៊ីតាលីរាយការណ៍ថាខ្សែបម្រើ Aaron Ramsey ដែលនឹងផុតកិច្ចសន្យាជាមួយ Arsenal នៅដំណាច់រដូវកាលនេះ យល់ព្រមទៅចូលរួម Juventus ក្នុងរដូវក្ដៅខាងមុខ ដោយគ្មានតម្លៃផ្ទេរ ហើយគ្រោងនឹងបញ្ចប់ការផ្ទេរជាផ្លូវការនៅក្រោយការប្រកួត Italian Super Cup ទល់នឹង AC Milan ថ្ងៃពុធសប្ដាហ៍ក្រោយ។

សេចក្ដីរាយការណ៍បានបន្ថែមថា Aaron Ramsey បាន​យល់​ព្រម​​កុងត្រា​រយៈពេល​៥​ឆ្នាំ​ជាមួយ​ក្លឹប​យក្ស​អ៊ីតាលី Juventus​ និង​ចាកចេញ​ពី Arsenal ក្រោយ​ចប់​រដូវ​កាល​នេះ ដោយ​​ទទួល​បាន​ប្រាក់ឈ្នួល ១៤​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ ដែលនាំឲ្យរូបគេក្លាយជាកីឡាករទី២នៅ Juventus ដែលមានប្រាក់ខែច្រើនជាងគេបន្ទាប់ពី Cristiano Ronaldo និងនៅពីលើ Paulo Dybala ជាមួយ Douglas Costa។

គួរដឹងដែរថា Ramsey បានផ្លាស់ពី Cardiff មក Arsenal ក្នុងឆ្នាំ២០០៨ ហើយមកទល់ពេលនេះចូលលេងបាន២៥២ដងនៅ Premier League និងរកបាន៥២គ្រាប់ និងជាពិសេសរួមចំណែកជួយឲ្យ Arsenal ឈ្នះ FA Cup ៣ដង ចំណោមនោះ២ដង រូបគេជាអ្នករកគ្រាប់ជ័យជម្នះឲ្យ Arsenal៕

 

ប្រភព៖ skysports

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់