ថៃ សន្យាផ្ដល់៥លានបាត ដល់ក្រុមរបស់ខ្លួនបើយកឈ្នះបារ៉ែន ដាច់១គ្រាប់ និងឡើងដល់១៥លានបាតបើ…

មាស សុផាណារ៉ុង January 9, 2019


 

ថៃ៖ សហព័ន្ធកីឡាបាល់ទាត់ថៃ ហៅកាត់ថា ( FA Thailand ) បានសន្យាថានឹងផ្ដល់ប្រាក់ប្រមាណ ៥លានបាត ដល់ក្រុមជម្រើសជាតិរបស់ខ្លួនបើអាចយកឈ្នះជម្រើសជាតិបារ៉ែន ដាច់១គ្រាប់ និងឡើងដល់១៥លានបាត បើយកឈ្នះដាច់៣គ្រាប់។ ការប្រកាសបែបនេះបានធ្វើឡើងមុនជម្រើសជាតិថៃ ត្រូវប៉ះ ជម្រើសជាតិបារ៉ែន ក្នុងជំនួបទី២ ប្រចាំពូល A នៃពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 នៅប្រទេសអារ៉ាប់រួម។

យោងតាមការចេញផ្សាយនៅលើសារព័ត៌មាន siamsport របស់ថៃ បានបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់នៃក្រុមដែលមានរហ័ស្សនាមថា ដំរីសឹក មួយនេះ នឹងផ្ដល់ប្រាក់លើកទឹកចិត្តសម្រាប់ប្រកួតទី២ ទល់នឹងបារ៉ែន ដោយនឹងផ្ដល់ប្រាក់ ៥លានបាត ( ប្រមាណ ១៥៦,០០០ ពាន់ដុល្លារអាមេរិក ) សម្រាប់ការបើយកឈ្នះដាច់គ្រាប់បាល់ ១គ្រាប់ ឧទាហរណ៍ ១-០ ២-១ ៣-២ ៤-៣ និងកាន់តែឡើងរហូតដល់១០លានបាត ( ប្រមាណ ៣១២,០០០ ពាន់ដុល្លារអាមេរិក ) បើឈ្នះដាច់ ២គ្រាប់ ហើយនឹងបន្ថែមទៀតរហូតដល់១៥លានបាត ( ប្រមាណ ៤៦៨,០០០ ពាន់ដុល្លារអាមេរិក ) ករណីបើឈ្នះដាច់ ៣គ្រាប់។

ការផ្ដល់ជូននេះត្រូវបានដឹងថាជាការលើកទឹកចិត្តឡើងវិញដល់ក្រុមទាំងមូល បន្ទាប់ពីប្រកួតដំបូងរងបរាជ័យយ៉ាងអាម៉ាស ៤ទល់១ ក្រោមថ្វីជើង ជម្រើសជាតិឥណ្ឌា និងនាំឲ្យស្ថិតនៅបាតតារាង ហើយត្រូវឈ្នះ១ ស្មើ១ នៅ២ប្រកួតដែលនៅសេសសល់ ដើម្បីយ៉ាងហោចណាស់ឈរជាក្រុមលេខ៣ល្អ ក្នុងការទទួលឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ សូមបញ្ជាក់ថា សម្រាប់ការប្រកួតទី២របស់ថៃ ទល់នឹង បារ៉ែន ត្រូវធ្វើឡើងនៅថ្ងៃទី១០ ខែ មករា ឆ្នាំ ២០១៩ នាវេលាម៉ោង ៦ល្ងាច៕

 

ប្រភព៖ siamsport

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់