គណៈកម្មការប្រកួតបាល់ទាត់វៀតណាម ប្រកាសផែនការសំខាន់ៗសម្រាប់បាល់ទាត់ខ្លួនក្នុងឆ្នាំ២០១៩

មាស សុផាណារ៉ុង January 9, 2019


 

វៀតណាម៖ កាលពីរសៀលថ្ងៃទី០៨ មករា ម្សិលមិញ គណៈកម្មការប្រកួតបាល់ទាត់វៀតណាម ( VPF ) ដែលរៀបចំការប្រកួតបាល់ទាត់វៀតណាម ៣កម្មវិធី បានធ្វើការប្រកាសពីផែនការរបស់ខ្លួនសម្រាប់ឆ្នាំ២០១៩ គ្រប់កម្មវិធីទាំងលីគកំពូល ( V.League 1 ) លីគលំដាប់ទី២ ( V.League 2 ) និងពានកម្រិតទី២ ( National Cup )។

យោងតាមសន្និសីទកាលពីម្សិលមិញ បានបង្ហាញពីការចាប់ផ្ដើមនៃលីគរបស់ខ្លួន ដោយក្នុងនោះរួមមានកាលបរិច្ឆេទនៃលីគ ( លីគទី​១, លីគទី២ និងពានកម្រិតទី២ ) ប្រាក់រង្វាន់ និងការរៀបចំនានាធ្វើយ៉ាងណាឲ្យការប្រកួតមានភាពប្រសើរឡើង ជាដើម។

ជាផ្លូវការត្រូវបានដឹងថា លីគកំពូលវៀតណាម ( V.League 1 ) នឹងចាប់ផ្ដើមពីថ្ងៃទី២៣ ខែកុម្ភៈ ហើយនឹងបញ្ចប់នៅខែតុលា ដោយមាន១៤ក្រុមចូលរួមប្រកួតប្រជែងគ្នា ខណៈការប្រកួតបើកឆាកម្ចាស់ការពារតំណែងជើងឯ Ha Noi ជួប Quang Ninh Coal។ តែយ៉ាងណាមិញ មុនលីគមកដល់ក៏មានការប្រកួតពានបើករដូវកាលផងដែរ ដោយម្ចាស់ជើងឯកលីគ Ha Noi ដដែលនេះ ត្រូវប្រជែងជាមួយ Becamex B​inh Duong ដែលម្ចាស់ជើងឯកពានកម្រិតទី២ ( National Cup ) នៅមុនលីគចាប់ផ្ដើម ១សប្ដាហ៍។

ដោយឡែកសម្រាប់លីគលំដាប់ទី២ ( V.League 2 ) វិញនឹងចាប់ផ្ដើមពីថ្ងៃទី០៦ ខែមេសា រហូតដល់ចុងខែកញ្ញា ឆ្នាំ២០១៩ ដោយមានក្រុមចំនួន ១២ចូលរួមប្រកួត បន្ថែម២ក្រុមទៀត ( រដូវកាលមុនមានតែ១០ក្រុម ) ខណៈពានរង្វាន់មួយទៀត ដែលជាពានថ្នាក់ជាតិ ( National Cup ) ប្រកួតជាលក្ខណៈជម្រុះពីថ្នាក់ទាប រហូតដល់លីគកំពូល នឹងធ្វើឡើងចន្លោះពីថ្ងៃទី៣១ ខែមិនា រហូតដល់ខែតុលា ឆ្នាំ២០១៩។

គណៈកម្មការប្រកួតបាល់ទាត់វៀតណាម ( VPF ) ដដែលក៏បានបង្ហាញពីចំនួនទឹកប្រាក់ក្រុមដែលឈ្នះជើងឯកផងដែរសម្រាប់លីគកំពូលផងដែរ នឹងទទួលបានទឹកប្រាក់ ៣ពាន់លានដុង ( ប្រហែល ១៣ម៊ឺនដុល្លារអាមេរិក ) ខណៈជើងឯករង នឹងទទួលបាន ១,៥​ពាន់លានដុង ( ប្រហែល ៧ម៊ឺន៥ពាន់ ដុល្លារ ) និងលេខ៣ ទទួលបាន ៧៥០លានដុង ( ប្រហែល ៣៧,៥០០ ដុល្លារអាមេរិក )។

លើសពីនេះទៅទៀត  លីគកំពូលវៀតណាម ក៏នឹងប្រើប្រាស់វីដេអូជំនួយអាជ្ញាកណ្ដាល ( VAR ) ផងដែរប៉ុន្តែសម្រាប់តែការប្រកួតសំខាន់ៗប៉ុណ្ណោះ ខណៈការធ្វើបែបនេះ គឺដើម្បីជួយឱ្យការប្រកួតកាន់តែមានភាពទាក់ទាញ និងជាចំណាប់អារម្មណ៍សម្រាប់អ្នកទស្សនា និងផ្សព្វផ្សាយលីគវៀតណាម ឲ្យទូលំទូលាយជាលក្ខណៈអន្តរជាតិផងដែរ៕

 

ប្រភព៖ Zing.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់