វៀតណាមខកចិត្តចុងម៉ោង ក្រោយនាំមុខអ៊ីរ៉ាក់ ២ដង តែលទ្ធផលចុងក្រោយពុំទទួលបានសូម្បី១ពិន្ទុ

មាស សុផាណារ៉ុង January 9, 2019


 

អាស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានជួបនូវរឿងដ៏ខកចិត្តបំផុតកាលពីយប់មិញ សម្រាប់ជំនួបបើកឆាករបស់ខ្លួនក្នុងពានរង្វាន់ AFC Asian Cup 2019 ប្រចាំពូល D ក្រោយនាំមុខ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ ដល់ទៅ២ដង តែលទ្ធផលចុងក្រោយពុំទទួលបានសូម្បី ១ពិន្ទុពីការប្រកួតនេះ។

នាមជាក្រុមកំពុងឡើងជើងក្នុងតំបន់អាស៊ីអាគ្នេយ៍ វៀតណាម បានចាប់ផ្ដើមបានយ៉ាងល្អដោយបើកការនាំមុខមុន នៅនាទី២៤ បន្ទាប់ពីកីឡាករអ៊ីរ៉ាក់ Ali Faez ធ្វើឲ្យចូលទីខ្លួនឯង​ យ៉ាងណាក៏ដោយ១០ក្រោយមក អ៊ីរ៉ាក់ បានតាមបាន១គ្រាប់ពីក្រោយវិញ ជាការទាត់ចូលទីយ៉ាងល្អដោយកីឡាករ Mohanad Ali មុននឹងវៀតណាម បន្តការនាំមុខសារជាថ្មីដែលលើកនេះទាត់បញ្ចូលទីដោយកីឡាកររបស់ខ្លួន Nguyen Cong Phuong នៅនាទី៤២ និងរក្សាលទ្ធផលនាំមុខ ១ទល់២ ក្នុងវគ្គទី១។

ចូលដល់វគ្គទី២ អ៊ីរ៉ាក់បានបង្ហាញពីភាពខ្លាំងរបស់ខ្លួន ក្នុងនាមជាក្រុមធ្លាប់ឈ្នះជើងឯកពានរង្វាន់នេះ កាលពីឆ្នាំ២០០៧ បានគៀបសង្គត់ វៀតណាម បានច្រើនជាងនៅវគ្គទី១ ដែលជាហេតុនាំឲ្យគ្រាប់បាល់ទី២ និងជាគ្រាប់តាមពីក្រោយដដែលនោះកើតឡើង ជាការទាត់ចូលទីដោយកីឡាករ Humam Tariq នៅនាទី៦០។ លទ្ធផលកាន់តែប្រែប្រួល ដោយហៀបនឹងបញ្ចប់ការប្រកួតទៅហើយ ពោលគឺនៅនាទី៩០+១ អ៊ីរ៉ាក់ បានបញ្ចប់ក្ដីសុបិន្តរបស់វៀតណាម បានសម្រេចក្រោយកីឡាករ Ali Adnan ទាត់បាល់ហ្វ្រីឃីកយ៉ាងល្អ និងជាគ្រាប់ជ័យជម្នះ។

បរាជ័យនេះ មិនជាលទ្ធផលអាក្រក់សម្រាប់វៀតណាមឡើយ តែក៏មិនជាល្អណាស់ណាដែរ ដោយនាំឲ្យចំណាត់ថ្នាក់របស់ក្រុមស្ថិតនៅលេខ៣ក្នុងពូល លើយេមែន ដែលចាញ់ អ៊ីរ៉ង ៥ទល់០ ក្នុងថ្ងៃជាមូុគ្នានោះ៕

 

រូបភាព៖ VFF & Zing.vn

អត្ថបទ៖ ណារ៉ុង

មតិយោបល់