ការផ្លាស់ប្ដូរ Chanathip ពេលប៉ះឥណ្ឌា គឺជាហេតុផលមួយដែលនាំសហព័ន្ធបាល់ទាត់ថៃ បណ្ដេញគ្រូបង្វឹក

មាស សុផាណារ៉ុង January 8, 2019


 

ថៃ៖ កាលពីយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ សហព័ន្ធកីឡាបាល់ទាត់ថៃ បានប្រកាសបញ្ចប់កិច្ចសន្យាជាមួយគ្រូបង្វឹកសញ្ជាតិ សែបប៊ី លោក Milovan Rajevac ភ្លាមៗក្រោយដឹកនាំក្រុមរងបរាជ័យ ៤ទល់១ ក្នុងជំនួបបើកឆាកពានរង្វាន់ AFC Asian Cup 2019 ប្រចាំពូល A

ការបណ្ដេញចេញនេះត្រូវបានដឹងថាដោយសារតែលទ្ធផលនៃការដឹកនាំក្រុមរបស់គ្រូបង្វឹកវ័យ៦៥ឆ្នាំរូបនេះ ពុំជួបលទ្ធផលល្អទាល់តែសោះនាប៉ុន្មានប្រកួតចុងក្រោយ ប៉ុន្តែនៅហេតុផលមួយចំនួនទៀតដែលត្រូវបានដាក់បន្ទុកសម្រាប់ការសម្រេចចិត្តដ៏ច្បាស់លាស់ពីសហព័ន្ធជុំវិញអនាគត លោក Milovan ជាមួយជម្រើសជាតិថៃ។

ហេតុផលមួយទៀតសម្រាប់ការសំរេចចិត្តបណ្ដេញ លោក Milovan Rajevac គឺដោយសារតែការផ្លាស់ប្តូរកីឡាករនៅក្នុងការប្រកួត ពោលគឺនៅនាទី៧៣ លោកបានសម្រេចផ្លាស់ប្ដូរកីឡាករ Chanathip Songkrasin ចេញ ជំនួសវិញដោយ Siroch Chatthong ដោយក្នុងក្រុមទាំងមូលយល់ថាមិនសាកសមដោយសារតែគេគិតថា Messi Jay នឹងធ្វើឲ្យក្រុមមានការផ្លាស់ប្ដូរឡើងវិញ ខណៈដែលថៃត្រូវការគ្រាប់បាល់ដូចគ្នា តែការផ្លាស់កីឡាករដែលនាំលេងនៅក្នុងក្រុមបែបនេះ ហាក់បើដូចជាការសម្រេចចិត្តមួយពុំត្រឹមត្រូវដែលនាំឲ្យប៉ះពាល់ដល់ក្រុមទាំងមូល។

គួរដឹងដែរថា មិនត្រឹមតែ លោក Milovan Rajevac ប៉ុណ្ណោះទេដែលត្រូវដើរចេញពីក្រុមជម្រើសជាតិថៃ ក្រុមការងាររបស់លោកចំនួន៤រូបទៀត រួមមានគ្រូពេទ្យ, គ្រូជំនួយការសម្បទា និងគ្រូអ្នកចាំទី ក៏ត្រូវរួមដំណើរចាកចេញជាមួយរូបលោកផងដែរ ប៉ុន្តែត្រូវនៅជាមួយក្រុមរហូតដល់ចប់ការប្រកួតពានរង្វាន់នេះ។

សូមបញ្ជាក់ថា បច្ចុប្បន្នថៃ កំពុងស្ថិតនៅបាតតារាងនៃពូល A ក្នុងពានរង្វាន់ AFC Asian Cup ហើយ២ប្រកួតដែលនៅសេសសល់ត្រូវប៉ះ ម្ចាស់ផ្ទះអារ៉ាប់រួម និងបារ៉ែន ខណៈថៃត្រូវការឈ្នះទាំង២ប្រកួតនេះជាដាច់ខាត ដើម្បីយ៉ាងហោចណាស់អាចឡើងទៅវគ្គ១៦ក្រុមចុងក្រោយ៕

 

ប្រភព៖ siamsport

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់