ហ្វីលីពីន ធ្វើបានល្អជាងថៃ បន្តិចក្នុងពាន AFC Asian Cup ស្របពេលវៀតណាម ប្រកួតយប់នេះ

មាស សុផាណារ៉ុង January 8, 2019


 

អាស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលពីន ហាក់ចាប់ផ្ដើមបានល្អបន្តិច នៅក្នុងពានជើងឯកទ្វីបអាស៊ី AFC Asian Cup បើធៀបទៅនឹងថៃ ដែលចាញ់ឥណ្ឌា ៤ទល់១ កាលពីថ្ងៃអាទិត្យ ទោះបីខ្លួនទទួលរងបរាជ័យដូចគ្នាក៏ដោយ ប៉ុន្តែក្រុមនេះរងបរាជ័យក្រោមថ្វីជើងកូរ៉េខាងត្បូង ត្រឹម ១ទល់០ ប៉ុណ្ណោះ។

១គ្រាប់របស់ កូរ៉េខាងត្បូង គឺធ្វើបានសម្រេចនៅវគ្គទី២ ពោលគឺនៅនាទី៦៧ ដោយកីឡាករ ​Hwang Uijo ខណៈបរាជ័យនាំឲ្យហ្វីលីពីន ស្ថិតនៅបាតតារាងនៃពូល C ផងដែរ តាមពីក្រោយ កៀហ្ស៊ីស៊ីស្ថាន, កូរ៉េខាងត្បូង និងចិន។

រំលឹកមកលទ្ធផលរបស់ជម្រើសជាតិថៃបន្តិច ក្រុមដែលមានរហ័ស្សនាមថា ដំរីសឹក មួយនេះបានរងបរាជ័យយ៉ាងអាម៉ាសក្រោមថ្វីជើងជម្រើសជាតិឥណ្ឌា កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ រហូតដល់គ្រូបង្វឹក លោក Milovan Rajevac ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ថៃបណ្ដេញចេញភ្លាមៗតែម្ដង។

ដោយឡែកនៅយប់នេះផងដែរ ក្រុមមកពីតំបន់អាស៊ីអាគ្នេយ៍មួយទៀត ជម្រើសជាតិវៀតណាម ក៏នឹងចាប់ផ្ដើមប្រកួតបើកឆាករបស់របស់ខ្លួនដូចគ្នា នៅក្នុងពូល D ដោយនឹងតតាំងជាមួយក្រុមខ្លាំងអ៊ីរ៉ាក់។ ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៨:៣០ នាទីយប់ម៉ោងនៅកម្ពុជា៕

ចាំមើលថាតើក្រុមមកពីតំបន់អាស៊ានចុងក្រោយនេះ ធ្វើបានល្អដែរឬទេនៅយប់នេះសម្រាប់ប្រកួតបើកឆាករបស់ខ្លួន?

 

រូបភាព៖ AFC Asian Cup

អត្ថបទ៖ ណារ៉ុង

មតិយោបល់