ក្រុមបាល់ទាត់ដែលជាប់ក្នុងរូងភ្នំ ទទួលឱកាសទៅទស្សនាជម្រើសជាតិថៃ និងជួបប្រធាន AFC នៅអារ៉ាប់រួម

មាស សុផាណារ៉ុង January 8, 2019


 

អារ៉ាប់រួម៖ ក្រុមបាល់ទាត់ជ្រូកព្រៃ ដែល​ជាប់គាំង​ក្នុង​រូងភ្នំ​រយៈពេល ២សប្ដាហ៍នៅប្រទេសថៃ បានបន្តទទួលជួបរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀត បន្ទាប់ពីតំណាងក្រុម មានកីឡាករ៣នាក់ និងគ្រូបង្វឹករបស់ពួកគេ បានបង្ហាញឱកាសដ៏កម្រមួយដើម្បីមើល វីរបុរសនៃក្រុមជម្រើសជាតិថៃរបស់ខ្លួន ប្រកួតបើកឆាកក្នុងពាន AFC Asian Cup UAE 2019 ទល់នឹងឥណ្ឌា កាលពីថ្ងៃអាទិត្យ។

ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( The-AFC ) លោក Shaikh Salman bin Ebrahim Al Khalifa នៅចំពោះមុខពីកីឡាករតំណាងកីឡាករយុវជន៣រូប រួមជាមួយនឹងគ្រូបង្វឹកផងដែរ បាននិយាយថា៖ «AFC រីករាយណាស់ក្នុងការស្វាគមន៍កីឡាករមកពី ក្រុមបាល់ទាត់ជ្រូកព្រៃ ក្នុងការមកទស្សនា AFC Asian Cup។ ដំណើរមកដល់របស់ពួកគេមកកាន់ទីនេះ គឺជាការពង្រឹងឥទ្ធិពលនៃបាល់ទាត់ ដើម្បីជំរុញក្តីសង្ឃឹម ហើយវត្តមានរបស់ពួកគេនៅអារ៉ាប់រួមនេះ គឺជាឧទាហរណ៍ដ៏ល្អមួយ ជុំវិញការប្រកួតដ៏អស្ចារ្យបំផុតរបស់ទ្វីបអាស៊ី កំពុងធ្វើឱ្យក្តីស្រមៃក្លាយជាការពិតសម្រាប់អ្នកគាំទ្ររាប់លាននៅទូទាំងទ្វីប»

ថ្លែងក្នុងនាមតំណាងក្រុមរបស់ខ្លួនគ្រូបង្វឹក លោក Ekapol បាននិយាយថា៖ «ការទស្សនាវីរបុរសរបស់យើងនៅក្នុងការប្រកួតប្រជែងធំបំផុតនៅអាស៊ី គឺជាអ្វីដែលយើងនឹងមិនអាចបំភ្លេចនោះទេ។ នេះជាលើកទី១ ហើយដែលយើងបានមើលកីឡាករយ៉ាងជិតច្បាស់បែបនេះ ហើយនេះក៏ជាលើកទី១ផងដែរ ដែលយើងបានទស្សនាការប្រកួតក្រុមជម្រើសជាតិថៃ នៅក្រៅទឹកដី»។

គួររំលឹកផងដែរថា រឿងរ៉ាវដ៏ចម្លែករបស់ក្មេងទាំង១២ និងគ្រូបង្វឹកម្នាក់ បានទទួលការចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅជុំវិញពិភពលោកបន្ទាប់ជាប់ក្នុងរូងភ្នំ ដែលពោរពេញទៅដោយទឹកជំនន់រយៈពេល១៨ថ្ងៃ  ខណៈកាលពី២ខែមុន សមាជិកនៃក្រុមបាល់ទាត់ជ្រូកព្រៃ មួយនេះក៏ទទួលបានឱកាសទៅទស្សនាការប្រកួតរបស់ ក្រុម Manchester United ទល់នឹង Everton នៅកីឡដ្ឋាន Old Trafford ផងដែរ៕

 

រូបភាព និងប្រភព៖ the-afc

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់