ក្រោយបណ្ដេញគ្រូបង្វឹក សហព័ន្ធកីឡាបាល់ទាត់ថៃ តែងតាំងគ្រូជំនួយដែលពុំសូវល្បីឈ្មោះឲ្យកាន់ការងារបណ្ដោះអាសន្ន

មាស សុផាណារ៉ុង January 7, 2019


 

អារ៉ាប់រួម៖ កាលពីយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ ម្សិលមិញគឺជាថ្ងៃដ៏អាក្រក់សម្រាប់បាល់ទាត់ថៃ គ្រាដែលក្រុមដែលមានរហ័ស្សនាមថា ដំរីសឹក មួយនេះរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើង ជម្រើសជាតិឥណ្ឌា ក្នុងលទ្ធផល ៤ទល់១ នាជំនួបបើកឆាកពានរង្វាន់ AFC Asian Cup 2019 ប្រចាំពូល A។

រឿងដ៏អាក្រក់មួយទៀត ប៉ុន្តែអាចនឹងល្អសម្រាប់អ្នកគាំទ្របាល់ទាត់ថៃមួយចំនួនធំ ពោលគឺភ្លាមៗបន្ទាប់ពីរងបរាជ័យ សហព័ន្ធកីឡាបាល់ទាត់ថៃ បានប្រកាសបញ្ចប់កិច្ចសន្យាជាមួយគ្រូបង្វឹកសញ្ជាតិ​សែបប៊ី លោក Milovan Rajevac ភ្លាមតែម្ដងនៅយប់ថ្ងៃដដែលនោះ បន្ទាប់ពីលទ្ធផលនៃការដឹកនាំក្រុមប៉ុន្មានប្រកួតចុងក្រោយហាក់ពុំបានល្អទាល់តែសោះ បូកបញ្ចូលទាំងការរបូតពានជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup កាលពីចុងឆ្នាំ២០១៨ និងការរងបរាជ័យ២ប្រកួតជាប់ៗគ្នា ក្នុងដើមឆ្នាំ២០១៩នេះ។

ការណ៍នេះនាំឲ្យតំណែងដែលទំនេរត្រូវធ្លាក់ទៅលើគ្រូជំនួយសញ្ជាតិថៃ លោក Sirisak Yodyardthai កាន់ការងារជាគ្រូធំបណ្ដោះ​អាសន្នរហូតដល់ចប់ព្រឹត្តិការណ៍នេះ ស្របពេលដែលថៃនៅសល់២ប្រកួតទៀត នៅក្នុងពូល A ។

លោក Sirisak Yodyardthai ពុំសូវបានគេឃើញពីស្នាដៃដ៏ក្រះក្រាលរបស់លោកឡើយនៅក្នុងពិភពបាល់ទាត់ថៃ ដោយមុនក្លាយជាគ្រូជំនួយនេះ លោកធ្លាប់ជាមួយកីឡាករ និងជាគ្រូជាមួយក្លឹប Osotspa ដែលបច្ចុប្បន្នមានឈ្មោះថា Jumpasri United លេងនៅលីគទី២ថៃ រយៈពេល១៧ឆ្នាំ រហូតដល់ឆ្នាំ២០១៦ មកដឹកនាំក្លឹប Thai Honda Ladkrabang ជួយឲ្យឡើងមកលីគកំពូលថៃ តែក្រោយមកក៏ត្រូវបណ្តេញចេញពីតួនាទីវិញ បន្ទាប់ពីដឹកនាំក្រុមឈ្នះតែ៣ប្រកួតប៉ុណ្ណោះក្នុងលីគដែលមាន ៣៤ប្រកួត និងក្រោយមកឈានចូលដល់ឆ្នាំ២០១៧ លោកក៏ត្រូវបានតែងតាំងជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិថៃ រហូតដល់បច្ចុប្បន្ននេះ។

លោក Sirisak Yodyardthai ខាងឆ្វេងដៃ

សូមបញ្ជាក់ថា បច្ចុប្បន្នថៃ កំពុងស្ថិតនៅបាតតារាងនៃពូល A ក្នុងពានរង្វាន់ AFC Asian Cup ហើយ២ប្រកួតដែលនៅសេសសល់ត្រូវប៉ះ ម្ចាស់ផ្ទះអារ៉ាប់រួម និងបារ៉ែន ខណៈថៃត្រូវការឈ្នះទាំង២ប្រកួតនេះជាដាច់ខាត ដើម្បីយ៉ាងហោចណាស់អាចឡើងទៅវគ្គ១៦ក្រុមចុងក្រោយ៕

 

ប្រភព៖ thairath

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់