មិនធម្មតា! តម្លៃខ្លួនអ្នកចាំទីកូនកាត់ វៀតណាម​-រុស្ស៊ី ផ្ទេរទៅកាន់ Muangthong ក្បែរកន្លះលានដុល្លារ

មាស សុផាណារ៉ុង January 7, 2019


 

វៀតណាម៖ ភ្នាក់ងាររបស់អ្នកចាំទីជម្រើសជាតិវៀតណាម និងជាកូនកាត់រុស្ស៊ី កីឡាករ Dang Van Lam បានបញ្ជាក់ថាការផ្ទេររបស់កីឡាកររូបនេះ ទៅចូលរួមជាមួយក្លឹបលីគកំពូលថៃ Muangthong United បានសម្រេចជាផ្លូវការ ហើយការប្រកាសគ្រោងនឹងធ្វើឡើងនៅ​ក្រោយចប់យុទ្ធនាការពានរង្វាន់ AFC Asian Cup 2019។

ភ្នាក់ងាររបស់កីឡាករ Van Lam ដែលត្រូវបានស្គាល់ឈ្មោះថា Andrey Grushin បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន​ថា៖ «ការចចារបានបញ្ចប់ដោយជោគជ័យ Dang Van Lam នឹងទៅចូលរួមលីគថៃ ដែលជាជំហានថ្មីមួយទៀតក្នុងអាជីពរបស់យើង។ ចំពោះតម្លៃផ្ទេរ និងព័ត៌មានលំអិតផ្សេងទៀត នឹងដឹងក្នុងការធ្វើសន្និសីទសារព័ត៌មានមួយនៅក្រោយការប្រកួតបញ្ចប់ពានរង្វាន់ជើងឯងទ្វីបអាស៊ី AFC Asian Cup»

ប្រភពពី Zing.vn បានបញ្ជាក់ថា Dang Van Lam នឹងទទួលបានប្រាក់ឈ្នួលមិនតិចជាង ១០.០០០ ដុល្លារក្នុងមួយខែ រួមជាមួយនឹងរថយន្ដ និងផ្ទះ បូកបញ្ចូលនឹងប្រាក់លើកទឹកចិត្តអាស្រ័យទៅតាមការដែលអាចជួយ ក្លឹបបាន។ យ៉ាងណាក៏មានការបង្ហើបពីតម្លៃផ្ទេរផងដែរដោយមិនដូចទៅអ្វីដែលចចាមអារាមបានលើកឡើងនោះទេ ដែលថា ៣ពាន់លានដុង ( ស្មើឬប្រហាក់ប្រហែល ១៣ម៊ឺនដុល្លារ ) នោះទេ ពោល​គឺត្រូវបានគេបង្ហើបឲ្យដឹងថាដល់ទៅជាង ១១ពានលានដុង ( ស្មើឬប្រហាក់ប្រហែល ៥០ម៊ឺនដុល្លារ ) ឯណោះ ដូច្នេះបានសេចក្ដីថា Van Lam នឹងក្លាយជាកីឡាករវៀតណាមដំបូងគេដែលទៅប្រកបអាជីពនៅលីគកំពូលថៃនារដូវកាល​២០១៩ ខាងមុខនេះ។

សម្រាប់ លោក Andrey Grushin បានក្លាយជាភ្នាក់ងាររបស់កីឡាករ Van Lam តាំងពីចុងឆ្នាំ២០១៧ ចាប់តាំងពីពេលនោះមក Van Lam តែងតែចង់ទៅប្រកបអាជីពនៅក្រៅប្រទេស សមទៅនឹងអ្វីដែលកីឡាករកូនកាត់ វៀតណាម-រុស្ស៊ី រូបនេះបានសាងស្នាដៃទាំងជាមួយក្លឹប ​Hai Phong និងជាមួយជម្រើសជាតិវៀតណាម ខណៈពេលនេះអ្វីៗបានក្លាយជាការពិតផងដែរ។ យ៉ាងណាមិញ​បច្ចុប្បន្នកីឡាករ Van Lam កំពុងតែផ្ដោតអារម្មណ៍ជាមួយក្រុមជម្រើសជាតិវៀតណាម របស់ខ្លួនក្នុងយុទ្ធនាការប្រកួតពានរង្វាន់ AFC Asian Cup​ ដែលកំពុងធ្វើនៅប្រទេសអារ៉ាប់រួម។

គួរដឹងដែរថា Dang Van Lam បច្ចុប្បន្នមានវ័យ២៥ឆ្នាំ កើតនៅប្រទេសទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដោយមានឪពុកជាជនជាតិ​វៀតណាម និងម្ដាយជាជនជាតិរុស្ស៊ី។ កីឡាករកូនកាត់រូបនេះ ធ្លាប់ជាយុវជនរបស់ក្លឹប Spartak Moscow និង Dynamo Moscow និងមកប្រកបអាជីពនៅវៀតណាមនៅឆ្នាំ២០១១ ចាប់ផ្ដើមជាមួយ Hoang Anh Gia Lai និងចុងក្រោយ Hai Phong៕

 

ប្រភព៖ zing

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់