ពិធីបើកពានរង្វាន់ AFC Asian Cup យប់នេះត្រូវបានដឹងថានឹងមានភាពអស្ចារ្យសាកសមទៅនឹងឈ្មោះជាប្រទេសអ្នកមាន

មាស សុផាណារ៉ុង January 5, 2019


 

អាស៊ី៖ អ្នករៀបចំការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី ​AFC Asian Cup បញ្ជាក់ថាម្ចាស់ផ្ទះ អារ៉ាប់រួម បានត្រៀមរួចជាស្រេចក្នុងការធ្វើឲ្យពិធីបើកនៅយប់នេះមានភាពអស្ចារ្យ ទាំងភ្លើងព័ណ៌ ទាំងកាំជ្រួច និងការសម្ដែងនានា ឲ្យសាកសមទៅនឹងប្រទេសអ្នកមានមួយនេះ ដើម្បីបម្រើភ្នែកអ្នកទស្សនារាប់លាននាក់ជុំពិភពលោក។

រូបភាពតំណាង ពីកីឡដ្ឋាន នាទីក្រុង ​Doha ប្រទេសកាតា

នៅវេលាម៉ោង ៧:៣០ នាទីយប់ នៅថ្ងៃទី០៥ ខែមករា ( ម៉ោងនៅប្រទេសអារ៉ាប់រួម ) ត្រូវនឹងម៉ោង ១០:៣០ នាទីយប់ នៅកម្ពុជា ពិធីបើកការប្រកួតក្នុងជុំផ្តាច់ព្រ័ត្រពាន Asian Cup ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋាន Zayed Sports City នៃរដ្ឋធានី Abu Dhabi ប្រទេសដែលសំបូរដោយមហាសេដ្ឋី អារ៉ាប់រួម។ ជាមួយនឹងការរៀបចំដ៏ធំបំផុតមិនធ្លាប់មាន ពិធីបើកនឹងធ្វើឱ្យកីឡាដ្ឋាននេះក្លាយជាពិធីបើកដ៏អស្ចារ្យមួយ ដើម្បីរំលឹកដល់សមិទ្ធផលនៃកីឡាបាល់ទាត់អាស៊ី ក្រោមប្រធានបទ «អាស៊ី រួមបញ្ជូលគ្នាតែមួយ»។

ត្រូវបានដឹងផងដែរថា ក្រុមដែលរៀបចំព្រឹត្តិការណ៍នេះ គឺជាក្រុមដែលធ្លាប់ទទួលជោគជ័យក្នុងការរៀបចំពិធីបើកនៃការប្រកួតក្របខ័ណ្ឌ UEFA Champions League ឆ្នាំ២០១៤ Euro 2016 និងព្រឹត្តិការណ៍ជើងឯកទ្វីបអាហ្រ្វិក African Nations Cup ថ្មីៗនេះ ជាដើម។

វាត្រូវបានគេប៉ាន់ស្មានថាមានអ្នកទស្សនា ប្រហែល៣០០លាននាក់ នឹងចាប់អារម្មណ៍ទៅលើព្រឹត្តិការណ៍មួយនេះ ខណៈបន្ទាប់ពីការសម្ដែងភ្លាមៗ ការប្រកួតបើកឆាកពានរង្វាន់ដដែលនេះ នឹងចាប់ផ្ដើមជាការប្រកួតរវាងម្ចាស់ផ្ទះ អារ៉ាប់រួម ជួបប្រកួតជាមួយ បារ៉ែន នៅវេលាម៉ោង ១១ យប់ ដោយពីកម្ពុជា ស្ថានីយទូរទស្សន៍ BTV News នឹងផ្សាយបន្តផ្ទាល់ ពីព្រឹត្តិការណ៍នេះ៕

 

រូបភាព៖ groupef 

អត្ថបទ៖ ណារ៉ុង

មតិយោបល់