លោក Pep ទទួលស្គាល់ថា ការប្រកួតទល់នឹង Liverpool ស្ទើរតែជាការប្រកួតផ្ដាច់ព្រ័ត្រសម្រាប់ខ្លួន

មាស សុផាណារ៉ុង January 3, 2019


 

អង់គ្លេស៖ លោក Pep Guardiola អ្នកចាត់ការទូទៅ Manchester City បាននិយាយថាការប្រកួតជាមួយក្រុមហង្សក្រហម Liverpool នៅយប់ថ្ងៃព្រហស្បតិ៍នេះ គឺស្ទើរតែជាការប្រកួតផ្តាច់ព្រ័ត្រសម្រាប់ក្រុមខ្លួន។

ក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ តាមពីក្រោយ៧ពិន្ទុ ពីក្រុមដែលកំពុងនាំមុខក្របខ័ណ្ឌ Premier League ( Liverpool ) រួមជាមួយគ្រាប់បាល់ក៏ខុសគ្នាយ៉ាងច្រើន។ ដូច្នេះបើ Man City រងបរាជ័យនៅលើទឹកដីខ្លួនឯង ប្រៀបបានដូចជាការវារឡើងភ្នំមួយដ៏ខ្ពស់ ខណៈការប្រកួតនៅ១៧ប្រកួតទៀត។ ហង្សក្រហម Liverpool បានឈ្នះពានរង្វាន់នេះជាលើកចុងក្រោយនៅឆ្នាំ១៩៩០ ខណៈបច្ចុប្បន្នគឺជាក្រុមខ្លាំងដោយ៩ប្រកួតចុងក្រោយពុំទាន់ស្គាល់ពាក្យថាចាញ់ ក្នុងរដូវកាលនេះ ស្របពេលដែលក្រុមម្ចាស់ផ្ទះ បានចាញ់៣ប្រកួត ក្នុងចំណោម៥ប្រកួតចុងក្រោយ។

លោក Guardiola បាននិយាយពីក្រុមហង្សក្រហមថា៖ «ពួកគេនៅពេលនេះ គឺជាក្រុមដ៏ល្អបំផុតនៅក្នុងទ្វីបអ៊ឺរ៉ុប ក្នុងស្ថានភាពនៃរបៀបដែលគេគ្រប់គ្រងទម្រង់លេងយ៉ាងលម្អិតសម្រាប់ការប្រកួតរបស់ពួកគេ។ យើងនឹងផ្តោតលើអ្វីដែលយើងត្រូវធ្វើដើម្បីឈ្នះការប្រកួត។ គ្រប់គ្នានិយាយថាយើងអាចចាញ់ ប៉ុន្តែយើងអាចឈ្នះ។ កាលពីឆ្នាំមុនយើងបានផ្តួលពួកគេ ៥-០ នៅទីនេះ វាគឺជាក្រុម Liverpool ជាក្រុមដែលល្អបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសអង់គ្លេស យើងអាចផ្តួលពួកគេបាន។ ខ្ញុំដឹងថាថ្ងៃនេះគ្មាននរណាជឿជាក់លើយើងទេ ប៉ុន្តែវាគឺជាការពិត»។

ក្រុម Man City បានឈ្នះត្រឹមតែមួយលើកគត់ក្នុងការ ប្រកួត១១លើកចុងក្រោយជាមួយ Liverpool នៅក្នុងគ្រប់កម្មវិធីប្រកួតទាំងអស់ ហើយលោក Guardiola បានបង្ហាញពីការកោតសរសើររបស់លោក ចំពោះកីឡាករ Jurgen Klopp ។

លោក Pep បានបន្តថា៖ «ជាទូទៅប្រសិនបើគាត់យកឈ្នះក្រុមខ្ញុំ ខ្ញុំនឹងអបអរសាទរគាត់ហើយរៀនសូត្របន្ត ហើយបន្តដំណើរទៅមុខទៀត។ យើងដឹងពីសារៈសំខាន់របស់វា ប្រសិនបើយើងមិនអាចឈ្នះបានទេ យើងនឹងចាញ់១០ពិន្ទុ និងគ្រាប់បាល់ខុសគ្នាក៏ច្រើន ប្រសិនបើពួកគេបន្តទម្រង់លេងល្អបែបនេះ វានឹងនាំឲ្យយើងពិបាកក្នុងការតាមគេណាស់»។

សូមបញ្ជាក់ថា ការប្រកួតរវាងក្រុមទាំង២ នឹងធ្វើឡើងនៅយប់នេះ នាវេលាម៉ោង ៣យប់ នៅលើទឹកដីរបស់ Manchester City ( Etihad Stadium )៕

 

ប្រភព៖ mirror

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់