គ្រូ Chelsea ភ្ញាក់ផ្អើលដោយពុំបានដឹងរឿងទិញកីឡាករថ្មី Pulisic ពី Dortmund

មាស សុផាណារ៉ុង January 3, 2019


 

អង់គ្លេស៖ គ្រូបង្វឹកនៃក្រុមតោខៀវ Chelsea លោក Maurizio Sarri បានសម្ដែងការភ្ញាក់ផ្អើលដែលមិនដឹងថា Chelsea ចុះហត្ថលេខាជាមួយកីឡាករ Christian Pulisic ក្នុងតម្លៃ ៥៨លានផោន ពី Dortmund កាលពីថ្ងៃអង្គារ។

អ្នកចាត់ការរូបនេះត្រូវបានគេសួរពីយោបល់របស់គាត់ អំពីសមាជិកថ្មីផ្ទេរមកពី Borussia Dortmund មួយនេះ ក្រោយ Chelsea បានប្រកាសពីការផ្ទេរកីឡាករអាមេរិច កាលពីថ្ងៃអង្គារ៍ ជាមួយនឹងកីឡាករ Pulisic ហើយនឹងបន្តរួមរស់ជាមួយនឹងសមាជិកក្របខ័ណ្ឌ Bundesliga នេះរហូតដល់ចប់រដូវកាលនេះ។

ហើយនៅពេលដែល Sarri ត្រូវបានគេសួរអំពីកីឡាករថ្មីរបស់ខ្លួនក្រោយស្មើ ០-០ នៅលើទឹកដីខ្លួនឯង ជាមួយនឹង Southampton នោះគាត់បានបើកភ្នែកធំៗ។ Sarri បាននិយាយថា៖ «ខ្ញុំមិនដឹងទេ ខ្ញុំមិនដឹងអ្វីទាំងអស់អំពី Pulisic។ ក្លឹបធ្លាប់បានសួរយោបល់របស់ខ្ញុំអំពីគាត់ ប្រហែលមួយខែមុន។ គំនិតរបស់ខ្ញុំគឺវិជ្ជមានសម្រាប់រូបគេ។ ថ្ងៃនេះខ្ញុំដឹងថាកិច្ចព្រមព្រៀងបានឈានដល់បញ្ចប់ប៉ុន្តែខ្ញុំមិនដឹងអ្វីទាំងអស់»។

គួរបញ្ជាក់ថា ក្លឹបតោខៀវ Chelsea ទិញបានខ្សែបម្រើវ័យក្មេង Christian Pulisic ពីក្លិប Borussia Dortmund ក្នុងតម្លៃ៦៤លានអឺរ៉ូ (៧៣.២លានដុល្លារ) ប៉ុន្តែសមាជិកក្រុមជម្រើសជាតិអាមេរិកវ័យ២០ឆ្នាំរូបនេះនឹងនៅលេងឱ្យ Dortmund លើកិច្ចសន្យាខ្ចីរហូតដល់ចប់រដូវកាល២០១៨-១៩៕

 

ប្រភព៖ dailymail

អត្ថបទ៖ ណារ៉ុង

មតិយោបល់