កក្រើកព័ត៌មាន អ្នកចាំទីជម្រើសជាតិវៀតណាម ផ្លាស់ទៅចូលរួមជាមួយ Muangthong United

មាស សុផាណារ៉ុង January 3, 2019


 

វៀតណាម៖ អ្នកចាំទីជម្រើសជាតិវៀតណាម និងជាកូនកាត់រុស្ស៊ី កីឡាករ Dang Van Lam ត្រូវបានសារព័ត៌មានទាំងវៀតណាម និងថៃចុះផ្សាយអំពីការផ្លាស់ទៅចូលរួមជាមួយក្លឹបកំពូលនៅថៃ Muangthong Uinted ក្នុងកិច្ចសន្យារហូតដល់ទៅ៣ឆ្នាំ។

យោងតាមការចុះផ្សាយនៅលើសារព័ត៌មានវៀតណាម Zing បានបញ្ជាក់ថានៅល្ងាចថ្ងៃទី០២ ខែមករា Dang Van Lam បាននិយាយពាក្យលាទៅកាន់ក្លឹប Hai Phong ហើយចូលរួមជាមួយ Muangthong United ដែលជាក្រុមនៃលីគកំពូលថៃ ចាប់ពីរដូវកាលក្រោយ។ សារព័ត៌មានដដែលបន្តថា ការចូលរួមជាមួយក្លឹប Muangthong United ក្នុងរដូវកាលខាងមុខនេះ នឹងធ្វើឲ្យរូបគេមានឱកាសច្រើនណាស់ក្នុងការកាន់តំណែងជាអ្នកចាំទីដៃទី១ ដោយសារតែមិនមានគូប្រជែងដែលមានសក្ដិសម ( អ្នកចាំទី Kawin Thamsatchanan ផ្លាស់ទៅលីគទី២ ប៊ែលហ្ស៊ីក ) រយៈពេល២ឆ្នាំ ដល់ឆ្នាំ២០២០។

លើសពីនេះក៏មានការបង្ហើបឲ្យដឹងផងដែរថា Van Lam នឹងទទួលបានប្រាក់ឈ្នួលគួរឱ្យចាប់អារម្មណ៍បំផុត ពោលគឺ ( មិនតិចជាង ១០.០០០ ដុល្លារក្នុងមួយខែ ) រួមជាមួយនឹងរថយន្ដផ្ទាល់ខ្លួន និងផ្ទះផ្ទាល់ខ្លួនផងដែរ។

យ៉ាងណាក៏មានសេចក្ដីបញ្ជាក់បន្ថែមផងដែរថា ទាំងអស់នេះកំពុងស្ថិតនៅក្នុងដំណាក់ការចចារនៅឡើយ ប៉ុន្តែបើរឿងនេះពិតជាកើតឡើងមែននោះ នោះ Van Lam នឹងក្លាយជាកីឡាករវៀតណាមដំបូងគេដែលទៅប្រកបអាជីពនៅលីគកំពូលថៃនារដូវកាល​២០១៩ ខាងមុខនេះ។

គួរដឹងដែរថា Dang Van Lam បច្ចុប្បន្នមានវ័យ២៥ឆ្នាំ កើតនៅប្រទេសទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដោយមានឪពុកជាជនជាតិ​វៀតណាម និងម្ដាយជាជនជាតិរុស្ស៊ី។ កីឡាករកូនកាត់រូបនេះ ធ្លាប់ជាយុវជនរបស់ក្លឹប Spartak Moscow និង Dynamo Moscow និងមកប្រកបអាជីពនៅវៀតណាមនៅឆ្នាំ២០១១ ចាប់ផ្ដើមជាមួយ Hoang Anh Gia Lai និងចុងក្រោយ Hai Phong៕

 

ប្រភព៖ siamsport & zing

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់