គ្រូថៃបន្តផ្លាស់ប្ដូរទម្រង់ជាថ្មី ក្រោយលើក Theerathon ពីការពារឲ្យមកលេងតំណែងបម្រើវិញ

មាស សុផាណារ៉ុង January 2, 2019


ថៃ៖ លោក Milovan Rajevac គ្រូបង្វឹកនៃក្រុមជម្រើសជាតិថៃ ដែលបាននឹងកំពុងត្រៀមរៀបចំក្រុម សម្រាប់ពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 បានបន្តផ្លាស់ប្ដូរទម្រង់លេងរបស់កូនក្រុម ក្រោយពីបានផ្លាស់ប្ដូរម្ដងកាលពីបោះជុំរំហ្វឹកហាត់ដំបូង។

ការផ្លាស់ប្ដូរលើកនេះ ​លោក Milovan បានលើកខ្សែការពារ Theerathon Bunmathan ពីតំណែងការពារឡើងមកតំណែងខ្សែបម្រើវិញ នេះបើយោងតាមការហ្វឹកហាត់ចុងក្រោយដែលសារព័ត៌មានថៃសង្កេតបាន។

ការណ៍ដែល Theerathon ត្រូវបានផ្លាស់ឡើងមកលេងបម្រើនេះ គឺបន្ទាប់ពីទម្រង់លេងរបស់ខ្សែការពារឆ្វេងម្នាក់ទៀតដែលជាន់តួនាទីជាមួយរូបគេ កីឡាករ Korrakot Wiriyaudomsiri កំពុងឡើងជើង ដែលជាហេតុនាំឲ្យមានការពិបាកសម្រេចិត្ត ប៉ុន្តែទីបំផុតសារព័ត៌មានថៃ បានសង្គេតឃើញ Theerathon ត្រូវបានដាក់ឲ្យលេងនៅតំបន់បម្រើស្លាបខាងឆ្វេង ខណៈ Korrakot លេងក្នុងតួនាទីខ្សែការពារឆ្វេងដដែល។

ត្រលប់មកវិញ ទោះបីជាយ៉ាងណាក៏ដោយ Theerathon Bunmathan ក៏ធ្លាប់លេងនៅតួនាទីនេះផងដែរនៅក្នុងពានរង្វាន់ «King’s Cup 2017» ដែលបានសេចក្ដីថាមិនមែនជារឿងថ្មីសម្រាប់រូបគេឡើយ។ ក្រឡេកមកមើលការរៀបចំរបស់ លោក Milovan Rajevac ការផ្លាស់ប្ដូរទម្រង់លេងរបស់កូនក្រុមនេះមិនជារឿងថ្មីឡើយ គ្រាដែលកាលពីពេលថ្មីៗនេះ លោកទើបតែផ្លាស់ប្ដូរតួនាទីរបស់ខ្សែប្រយុទ្ធ Siroj Chatthong ( The Hulk ថៃ ) មកលេងតួនាទីទាំងបម្រើ និងការពារវិញ រហូតដល់ជាប់ឈ្មោះក្នុងបញ្ជីកីឡាករ២៣ចុងក្រោយផងដែរ។ គួរដឹងដែរថា ជម្រើសជាតិថៃ នឹងត្រូវតតាំងជាមួយក្រុមខ្លាំង៣ក្នុងពូល A ជាមួយម្ចាស់ផ្ទះ អារ៉ាប់រួម, ឥណ្ឌា និងបារ៉ែន ដែលនឹងចាប់ផ្ដើមចន្លោះពីថ្ងៃទី​០៥ ខែមករា រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅប្រទេសអារ៉ាប់រួម៕

 

ប្រភព៖ siamsport 

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់