Wolves ចុះកុងត្រាយុវជនកូនកាត់ ចិន-អេស៉្បាញ និងបញ្ចេញឲ្យ Sporting CP ខ្ចីជើងភ្លាមៗ

មាស សុផាណារ៉ុង January 2, 2019


អង់គ្លេស៖ ក្លឹបរហ័ស្សនាម ចចកខ្មៅ Wolverhampton Wanderers កាលពីថ្ងៃទី០១ ខែមករា ម្សិលមិញ បានប្រកាសពីការចុះហត្ថលេខាលើខ្សែបម្រើស្លាបវ័យ១៨ឆ្នាំ ជាកូនកាត់ ចិន-អេស៉្បាញ ឈ្មោះថា David Wang ( ឈ្មោះភាសាចិន Jiahao Wang ) និងភ្លាមៗបញ្ចេញឲ្យ Sporting CP ខ្ចីជើង។

Wang ដែលបានកើតនៅប្រទេសអេស្ប៉ាញ និងធំដឹងក្តីនៅទីក្រុង Cuenca មានឪពុកម្ដាយជាជនជាតិចិន បានចូលរួមជាមួយក្លឹបក្របខ័ណ្ឌ Premier League មួយនេះក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំកន្លះ ពីក្លឹបលំដាប់ទី៤អេស្ប៉ាញ Jumilla B (Estudiantes)។ កីឡាករវ័យក្មេងរូបនេះបានត្រៀមខ្លួនរួចរាល់ក្នុងការបញ្ចូនឲ្យក្លឹប Sporting Lisbon ខ្ចីជើង គ្រាដែល Wolves ជិតឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបនេះរួចហើយ ពោលគឺរហូតដល់បំណាច់រដូវកាលនេះ។

Wolves បានប្រកាសនៅលើវេបសាយផ្លូវការរបស់ក្លឹបថា៖ «Wang ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាមួយក្រុម Sporting ‘B’ ក្រោមកិច្ចសន្យាខ្ចីជើង»។

ខ្សែបម្រើស្លាបដែលអាចនិយាយភាសាអេស្ប៉ាញ អង់គ្លេស និងចិន បានចំណាយពេលវេលាខ្ចីជើងកាលពីរដូវកាលជាមួយក្លឹប AE Josep Maria Gene និងរកគ្រាប់បាល់បញ្ចូលទីបាន៣គ្រាប់ ក្នុងការបង្ហាញខ្លួន២៤ប្រកួត។ នៅក្នុងឆ្នាំ២០១៤ រូបគេបានចូលរួមជាមួយ Mostoles ក្នុងលីគយុវជនអាយុក្រោម១៦ឆ្នាំ អេស្បាញ៕

 

ប្រភព៖ dailymail

អត្ថបទ៖ ណារ៉ុង

មតិយោបល់