កីឡាករល្បីៗមួយចំនួនដែលនឹងខកខានមិនអាចចូលរួមប្រកួតពាន AFC Asian Cup 2019

មាស សុផាណារ៉ុង January 2, 2019


អាស៊ី៖ សល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ដ៏ធំជាងគេប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នឹងត្រូវធ្វើឡើង នៅប្រទេសអារ៉ាប់រួម ជាមួយនឹងសមាសភាពប្រទេសចូលរួមចំនួន២៤ ចេញពី៥តំបន់ធំៗផ្សេងគ្នា ក្នុងទ្វីបដែលមានសមាជិកសរុប៤៧ប្រទេស។

ចំណោមប្រទេសទាំង២៤ ផងដែរសុទ្ធសឹងតែមានប្រទេសខ្លាំងៗ ហើយអ្វីដែលសំខាន់ទៅទៀតនោះ កីឡាករមួយចំនួននៃប្រទេសដែលខ្លាំងៗទាំងនោះនឹងខកខានមិនអាចចូលរួមប្រកួតពានរង្វាន់ AFC Asian Cup 2019 នេះដោយសារភាគច្រើនជួបបញ្ហារបួស ខណៈកីឡាករទាំងនោះរួមមាន៖

អ្នកចាំទី Ali Al Habsi – ជម្រើសជាតិអូម៉ង់

Ali Al Habsi នឹងមិនមានឱកាសឈរបញ្ជារដឹកនាំមិត្តរួមជាតិ ក្នុងនាមជាប្រធានក្រុមជម្រើសជាតិអូម៉ងឡើយ បន្ទាប់ពីអតីតសមាជិកក្រុម Bolton, Wigan និង Reading រូបនេះរងរបួសខណៈពេលកំពុងលេងឱ្យ Al Hilal ក្នុងលីគកំពូលអារ៉ាប់ប៊ីសាវឌីត។

Aaron Mooy – អូស្ត្រាលី

សមាជិកនៃក្រុម Huddersfield United នៅក្របខណ្ឌ Premier League រូបនេះ បានទទួលរងរបួសជង្គង់កាលពីពាក់កណ្ដាលខែធ្នូ ដែលការណ៍នេះបានសេចក្ដីថានឹងធ្វើឲ្យរូបគេខកខានផងដែរ។

O​mar Abdulrahman – អារ៉ាប់រួម

ក្រុមម្ចាស់ផ្ទះអារ៉ាប់រួម ដែលសង្ឃឹមថានឹងមានវត្តមានសម្រាប់អ្នកគាំទ្រច្រើន ប៉ុន្តែពួកគេនឹងមិនបានជួប Omar Abdulrahman ដែលជាកំពូលកីឡាករដ៏មានប្រជាប្រិយភាពជាងគេនៅអារ៉ាប់រួម ឡើយ នៅពេលដែលកីឡាករពូកែលេងហ្វ្រីស្ទាយ៍រូបនេះ មានរបួសជង្គង់។

Shinji Kagawa – ជម្រើសជាតិជប៉ុន

Shinji Kagawa កំពុងតែត្រូវបានដឹងថា ព្យាយាមរកកៅអីដើម្បីលេងនៅក្នុងក្លឹប Borussia Dortmund ស្របពេលដែលអ្នកចាត់ការទូទៅជប៉ុន លោក Hajime Moriyasu បានសម្រេចចិត្តជ្រើសរើសយកកីឡាករវ័យក្មេងសម្រាប់ការប្រកួតពាននេះ ហើយសម្រេចមិនយកកីឡាករចាស់ៗ មួយចំនួនរបស់លោក។

Kawin Thamsatchanan – ជម្រើសជាតិថៃ

អ្នកចាំទីជម្រើសជាតិថៃ រូបនេះជួបរឿងដ៏សោកស្ដាយបន្ទាប់ពីកីឡាករវ័យ២៨ឆ្នាំរូបនេះ អវត្តមានដោយសារតែមានបញ្ហារបួសតាំងពីខែតុលាមកម្លេះជាមួយក្លឹបដែលខ្លួនកំពុងប្រកបអាជីពជាមួយ Oud-Heverlee Leuven ( ក្លឹបប្រកួតនៅលីគទី២ ប៊ែលហ្ស៊ីក )។

Keisuke Honda – ជម្រើសជាតិជប៉ុន

នេះជាលើកដំបូងហើយដែល Keisuke Honda នឹងបាត់មុខពីក្រសែភ្នែកទស្សនិកនៅអាស៊ី និងជាពិសេសជនជាតិជប៉ុន បន្ទាប់ពីកីឡាករវ័យ៣២ឆ្នាំរូបនេះ សម្រេចចូលនិវត្តន៍ក្រោយព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2018។ Honda ជាប់ជម្រើសជាតិកាលពីឆ្នាំ២០០៨ ហើយបច្ចុប្បន្នកំពុងប្រកបអាជីពនៅលីគកំពូលអូស្ត្រាលី និងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាផងដែរ។

Nam Tae-Hee – កូរ៉េខាងត្បូង

ចុងក្រោយប៉ុន្តែមិនប្រាកដថាចុងក្រោយបង្អស់ កីឡាករ Nam Tae -hee នៃប្រទេសកូរ៉េខាងត្បូងក៏ត្រូវបានដឹងថានឹងខកខានពីពានរង្វាន់នេះ ជាអកុសលកីឡាករ Nam នឹងមិនចូលរួមក្នុងក្រុមនេះឡើយខណៈដែលគាត់ត្រូវបានបញ្ជាក់ថាមានរបួសធ្ងន់ធ្ងរកាលពីខែវិច្ឆិកា។

 

ប្រភព៖ foxsportsasia & sportskeeda

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់