ឈ្នះ Arsenal យប់មិញលោក Klopp ថាវាជារឿងឆ្គួតឡប់បើសិនជាអ្នកគាំទ្រ Liverpool មិនរំភើប

មាស សុផាណារ៉ុង December 30, 2018


 

អង់គ្លេស៖ លោក Jurgen Klopp បានប្រាប់អ្នកគាំទ្រហង្សក្រហមថាកុំរំភើបហួសហេតុពេក បន្ទាប់ពីក្រុមរបស់លោកបាននាំមុខ៩ពិន្ទុ ឈរលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ជាមួយនឹងជ័យជម្នះ ៥ទល់១ លើក្រុម Arsenal នៅ Anfield មុនពេលប៉ះជាមួយក្រុមម្ចាស់ការពារតំណែងជើងឯក Manchester City នៅកីឡដ្ឋាន Etihad នាថ្ងៃព្រហស្បតិ៍នេះ។

យ៉ាងណាមិញ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ បាននិយាយបែបកំប្លែងថា អ្នកគាំទ្រហង្សក្រហមគួរតែរីករាយមុនថ្ងៃចូលឆ្នាំថ្មី ប៉ុន្តែត្រូវតែត្រៀមខ្លួនរួចសម្រាប់ការជំនួបដ៏ធំមួយផ្សេងទៀតទល់នឹងក្រុម Man City ដែលអាចកាត់បន្ថយពិន្ទុនាំមុខ៧ពិន្ទុ ប្រសិនបើពួកគេយកឈ្នះ Southampton នៅយប់ថ្ងៃអាទិត្យនេះ។

Klopp បាននិយាយថា៖ «វាជារឿងឆ្កួតឡប់ ប្រសិនបើអ្នកគាំទ្រមិនមានការរំភើប។ សង្ឃឹមថាពួកគេនឹងបន្តធ្វើវាឲ្យមានសម្លេងលឺនៅទីក្រុង Liverpool ប៉ុន្តែមិនខ្លាំងពេកទេព្រោះឆ្កែរបស់ខ្ញុំមិនចូលចិត្តទេ ប៉ុន្តែលឺបន្តិច ហើយរីករាយ និងត្រៀមខ្លួនជាថ្មីម្តងទៀតសម្រាប់ថ្ងៃទី០៣ ខែមករា»។

សូមបញ្ជាក់ថា នៅក្នុងការប្រកួតដែល Liverpool យកឈ្នះ Arsenal ៥ទល់១ គឺ Arsenal ជាអ្នករកគ្រាប់បានមុនទាត់បញ្ចូលទីដោយកីឡាករយុវជន Maitland-Niles នៅនាទី១១ ប៉ុន្តែ Roberto Firmino ទាត់បាន៣គ្រាប់តែឯង រួមជាមួយ Mané និង Salah រកបានម្នាក់១គ្រាប់៕

 

ប្រភព៖ telegraph

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់