ចំណោមក្រុមមកពីតំបន់អាស៊ាន៣ ហ្វីលីពីន ទើបតែបង្ហាញខ្លួនលើកដំបូងក្នុងពាន AFC Asian Cup

មាស សុផាណារ៉ុង December 30, 2018


អាស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិចំនួន២៤ក្រុមក្នុងទ្វីបអាស៊ី កំពុងតែមមាញឹកក្នុងការរៀបចំក្រុមត្រៀមប្រកួតក្នុងពានរង្វាន់ធំជាងគេប្រចាំទ្វីប AFC Asian Cup 2019 ដោយប្រទេសអារ៉ាប់រួមនឹងធ្វើជាម្ចាស់ផ្ទះ ខណៈក្រុមទាំង២៤នេះបានជ្រើសចេញពី៥តំបន់ធំៗប្រចាំទ្វីបរួមមាន តំបន់អាស៊ីខាងលិច, អាស៊ីខាងកើត, អាស៊ីខាងត្បូង, អាស៊ីកណ្ដាល និងអាស៊ីអាគ្នេយ៍ ( អាស៊ាន ) ខណៈពីតំបន់អាស៊ាននេះ មានប្រទេស៣ផងដែរដែលទទួលបានកៅអីចូលរួម គឺថៃ, វៀតណាម និងហ្វីលីពីន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ហ្វីលីពីន ដែលនឹងមានមុខសម្រាប់ការប្រកួតលើកទី១៧នៃព្រឹត្តិការណ៍នេះផងដែរនោះ ត្រូវបានដឹងថាជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ខ្លួន ដែលបានចូលរួមប្រកួតក្នុងជុំផ្ដាច់ព្រ័ត្រ ចាប់តាំងពីពានរង្វាន់បានបង្កើតឡើងនៅឆ្នាំ១៩៥៦ ហើយក៏បានក្លាយជាក្រុមមកពីតំបន់អាស៊ីអាគ្នេយ៍ទី៨ ដែលឡើងដល់ជុំផ្ដាច់ព្រ័ត បន្ទាប់ពី វៀតណាម មុនគេ (ឆ្នាំ១៩៥៦) និងជាបន្តបន្ទាប់ មីយ៉ាន់ម៉ា (ឆ្នាំ១៩៦៨) កម្ពុជា និងថៃ (ឆ្នាំ១៩៧២) ម៉ាឡេស៊ី (ឆ្នាំ១៩៨០) សិង្ហបុរី (ឆ្នាំ១៩៨៤) និងឥណ្ឌូនេស៊ី (ឆ្នាំ១៩៩៦) ខណៈឡាវ, ព្រុយណេ និងទីម័រខាងកើត ពុំដែលបានចូលរួមប្រកួតក្នុងជុំផ្ដាច់ព្រ័ត្រម្ដងណាឡើយ។

ហ្វីលីពីន មុននឹងបានឡើងមកដល់ជុំផ្ដាច់ព្រ័ត្រ ក៏បានឆ្លងកាត់ការប្រកួតជម្រុះផងដែរដោយចាប់ផ្ដើមពីជុំទី២ ពេលនោះរួមពូលជាមួយ អ៊ូបីគីស្ថាន, កូរ៉ខាងជើង, ប៉ារែន និងយេមែន បានត្រឹមចំណាត់ថ្នាក់លេខ៣ និងបន្តជម្រុះក្នុងវគ្គជម្រុះជុំទី៣ ដែលជាជុំចុងក្រោយ ចន្លោះពីឆ្នាំ២០១៧-២០១៨ រួមពូលជាមួយ យេមែន, តាជីគីស្ថាន និងនេប៉ាល ហើយបញ្ចប់ទៅដោយបានដោយឈរកំពូលតារាងទើបមានឱកាសមកដល់វគ្គនេះ។

សម្រាប់ក្នុងព្រឹត្តិការណ៍ AFC Asian Cup 2019 ហ្វីលីពីន ស្ថិតនៅក្នុងពូល C នឹងត្រូវតតាំងជាមួយ កូរ៉េខាងត្បូង, ចិន និង កៀហ្ស៊ីស៊ីស្ថាន ខណៈការប្រកួតគ្រោងនឹងប្រើប្រាស់រយៈពេលជិត១ខែ ពោលគឺចាប់ផ្ដើមពីថ្ងៃទី០៥ ខែមករា ហើយបញ្ចប់នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩៕

 

** បញ្ជាក់ ជម្រើសជាតិកម្ពុជា បានឡើងទៅជុំផ្ដាច់ព្រ័ត្រនៃពានរង្វាន់ជើងឯកទ្វីបអាស៊ី កាលពីឆ្នាំ១៩៧២ កាលនោះមាន១៤​ក្រុម កម្ពុជា ប្រកួតជម្រុះក្នុងតំបន់អាស៊ីកណ្ដាល បានលេខ២ក្នុងពូល B ហើយទទួលបានកៅអីឡើងទៅជុំផ្ដាច់ព្រ័ត្រ មាន៦​ក្រុមបែងចែកចេញជា២ពូល កម្ពុជា បន្តបានលេខ២ក្នុងពូល ត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែចាញ់ក្នុងវគ្គនេះ នឹងប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ជាមួយថៃ តែបន្តរងបរាជ័យ បានសេចក្ដីថា កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤ក្នុងពាន AFC Asian Cup កាលពីឆ្នាំ១៩៧២៕

 

ចុចអានអត្ថបទ៖ ខ្លះៗអំពីព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកទ្វីបអាស៊ី មុនចូលមកដល់នាដើមឆ្នាំក្រោយ

 

រូបភាព៖ The-AFC & AFFSuzukiCup

អត្ថបទ៖ ណារ៉ុង

មតិយោបល់