វៀតណាម ដាក់គោលដៅត្រឹមជាក្រុមលេខ៣ល្អ ដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយពាន AFC Asian Cup

មាស សុផាណារ៉ុង December 29, 2018


វៀតណាម៖ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានដាក់គោលដៅត្រឹមជាក្រុមដែលមានចំណាត់ថ្នាក់លេខ៣ល្អ ដើម្បីមានឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 ដែលធ្វើឡើងនៅប្រទេសអារ៉ាប់រួម។ នេះបើយោងតាមសម្ដីរបស់ លោក Le Hoai Anh អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់វៀតណាម។

វៀតណាម ដែលស្ថិតក្នុងចំណោមក្រុមទាំង២៤ដែលចូលរួមពានរង្វាន់នេះ ដោយការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែមករា ហើយនឹងបញ្ចប់នៅថ្ងៃទី០១ ខែកុម្ភៈ ត្រូវនៅពូល ​D ជាមួយ ជម្រើសជាតិអ៊ីរ៉ង, អ៊ីរ៉ាក និងយេមែន ដែលសុទ្ធសឹងជាក្រុមខ្លាំងប្រចាំទ្វីប។ ជុំវិញចំនុចនេះ អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់វៀតណាម លោក Le Hoai Anh បានបង្ហើបពីគោលដៅរបស់ខ្លួននៅក្នុងពានរង្វាន់ធំជាងគេប្រចាំទ្វីបមួយនេះ។

«យើងមានគោលដៅដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ក្នុងនាមជាក្រុមលេខ៣ល្អ ក្នុងចំណោមកៅអីដែលផ្ដល់ឲ្យ៤ក្រុម នេះគឺជាគោលដៅដ៏ចំបងពីព្រោះគូប្រជែងក្នុងពូលរបស់យើងពិតជាខ្លាំង»។ លោក  Le Hoai Anh លើកឡើងបែបនេះ។ លោកបានបន្តថា បើក្រលេកមកមើល អ៊ីរ៉ាក់ គឺជាក្រុមកំពូលនៅអាស៊ី ( បច្ចុប្បន្នឈរលើគេក្នុងតារាងចំណាត់ថ្នាក់ FIFA សម្រាប់ទ្វីបអាស៊ី ) ស្របពេលដែល អ៊ីរ៉ង់ កំពុងឈរនៅលេខ៨៨ បានសេចក្ដីថាលើវៀតណាម ១២ចំណាត់ថ្នាក់ ខណៈយេម៉ែន នៅក្រោមខ្លួន ៣ចំណាត់ថ្នាក់ គូប្រកួតសុទ្ធតែគួរឱ្យកត់សម្គាល់ ដូច្នេះគោលដៅដូចខាងលើនេះគឺសមស្របបំផុតសម្រាប់ក្រុម។

គួរដឹងដែរថា នេះជាលើកទីមួយដែលព្រឹត្តិការណ៍ធ្វើឡើងនៅរៀងរាល់៤ឆ្នាំម្ដងមួយនេះ បង្កើនចំនួនក្រុមពី១៦ ឡើងដល់២៤ក្រុម ស្មើ៦ពូល នេះគឺមានន័យថា ២ក្រុមដែលមានចំណាត់ថ្នាក់លើគេនឹងកក់កៅអីអង្គុយរងចាំជាស្រេច បន្ទាប់មកទើបរកក្រុមដែលមានចំណាត់ថ្នាក់លេខ៣ល្អចំនួន៤ក្រុមបន្ថែមទៀតពីពូលទាំង៦នេះ ជាការបង្រ្គប់កៅអីវគ្គ១៦ក្រុមចុងក្រោយ។

យ៉ាងណាមិញ ត្បិតនេះជាគោលដៅដែលហាក់នៅមានកម្រិត ប៉ុន្តែអគ្គលេខាធិការដដែលរូបនេះបានបញ្ជាក់ពីគោលដៅរបស់វៀតណាម គឺផ្ដោតលើពានយុវជនអាយុក្រោម២៣ឆ្នាំ ដើម្បីបានកៅអីទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអំឡាំពិកឆ្នាំ២០២០ នៅប្រទេសជប៉ុន៕

 

ប្រភព៖ Zing

អត្ថបទ៖ ណារ៉ុង

មតិយោបល់