មុនប៉ះ Liverpool គ្រូ Arsenal ថាបើនិយាយពីកីឡាករល្អបំផុត៥រូបក្នុងលោក Salah គឺជាម្នាក់ក្នុងចំណោមនោះ

មាស សុផាណារ៉ុង December 29, 2018


អង់គ្លេស៖ នៅយប់ថ្ងៃសោរ៍ទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ នឹងមានការប្រកួតដ៏ជក់ចិត្តប្រចាំលីគកំពូលអង់គ្លេស ពោលគឺជាការជួបគ្នារវាងម្ចាស់ផ្ទះហង្សក្រហម Liverpool ជាមួយកាំភ្លើងធំ Arsenal ដែលជាការប្រកួតសប្ដាហ៍ទី២០ នៅវេលាម៉ោង ១២:៣០ នាទីយប់។

យ៉ាងណានៅមុនការប្រកួតមកដល់ លោក Unai Emery ដែលជាគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal បានលើកឡើងថា បើនិយាយពីកីឡាករល្អបំផុត៥រូបក្នុងលោក Salah គឺជាម្នាក់ក្នុងចំណោមនោះ។ ការថ្លែងបែបនេះបន្ទាប់ពីលោកបានបង្ហើបថា ពេលដែលលោកនៅដឹកនាំ Paris Saint-Germain លោកស្ទើរតែនឹងចុះហត្ថលេខានាំយកកីឡាកររូបនេះមករួមក្រុមទៅហើយ ប៉ុន្តែដោយសារមានបញ្ហាសញ្ជាតិ គ្រាដែលនោះ Salah លេងឲ្យ Roma នៅលីគអ៊ីតាលី និងចុងក្រោយរូបគេចូលរួមជាមួយ Liverpool។

លោក Emery បាននិយាយថា៖ «យើងបាននិយាយអំពីលទ្ធភាពនៃការចុះហត្ថលេខាលើ Salah មកចូលរួម Paris Saint-Germain នៅពេលគាត់កំពុងលេងនៅ Roma។ យើងមានការព្រួយបារម្ភខ្លះ ហើយបន្ទាប់មកគាត់បានចុះហត្ថលេខាចូលរួមជាមួយ Liverpool ( ក្នុងខែមិថុនាឆ្នាំ ២០១៧ )។ ឥឡូវនេះប្រសិនបើនិយាយអំពីកីឡាករកំពូលទាំង៥នៅលើពិភពលោក ម្នាក់គឺមាន Salah ក្នុងចំណោមនោះ»។

Salah ដើរតួនាទីយ៉ាងសំខាន់សម្រាប់ Liverpool នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយចាប់តាំងពីចូលរួមនៅឆ្នាំ២០១៧មក រូបគេអាចរកគ្រាប់បាល់បាន៤៤គ្រាប់៕

 

ប្រភព៖ Goal

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់