កីឡាករវៀតណាម ១រូបក្លាយជាក្មេងជាងគេទី៤ ដែលនឹងបង្ហាញខ្លួនក្នុងពាន AFC Asian Cup 2019

មាស សុផាណារ៉ុង December 28, 2018


 

វៀតណាម៖ យោងតាមបញ្ជីឈ្មោះក្រុមចំនួន២៤ ដែលនឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍ AFC Asian Cup 2019 កីឡាករខ្សែការពាររបស់វៀតណាម Doan Van Hau បានក្លាយជាកីឡាករវ័យក្មេងទី៤ មានអាយុក្រោម២០ឆ្នាំ នៅក្នុងពានរង្វាន់នេះ បន្ទាប់ពីកីឡាករ Kang Kuk Chol, Mohanad Ali-Kadhim និង Mohammed Al-Huthaifi។

នៅល្ងាចថ្ងៃទី២៧ ខែធ្នូ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានប្រកាសបញ្ជីឈ្មោះកីឡាករគ្រប់ក្រុមទាំងអស់ដែលក្នុងមួយក្រុមមាន២៣នាក់។ ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរ Doan Van Hau នឹងក្លាយជាកីឡាករវ័យក្មេងទី៤ បន្ទាប់ពី Kang Kuk Chol អាយុ១៩ឆ្នាំ ( កូរ៉េខាងជើង ) និងកីឡាករ២រូបទៀត អ៊ីរ៉ាក់ Mohanad Ali ( អាយុ១៨ឆ្នាំ ) និងកីឡាករយេម៉ែន Mohammed Al-Huthaifi (វ័យ១៨ឆ្នាំ ) ដូចគ្នា។

មុនការប្រកួត AFC Asian Cup ​2019 មកដល់ Van Hau ត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេងម្នាក់ដែលបានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកជំនាញ និងសារព័ត៌មាននានាក្នុងតំបន់។ រូបគេត្រូវសារព័ត៌មាន Fox Sports ចាត់ចំណាត់ថ្នាក់ជាកីឡាករកំពូលទាំង៥សម្រាប់កីឡាករអាយុក្រោម២១ឆ្នាំ ដែលនឹងលេចធ្លោនៅ Asian Cup in 2019 បន្ទាប់ពី Ahmed Abdul Ridha (អ៊ីរ៉ាក់) Jasurbek Yakhshiboev (អ៊ូសបេគីស្ថាន) Alex GERSBACH (អូស្រ្តាលី) និង Ritsu Doan (ប្រទេសជប៉ុន) ។

ក្នុងចំណោមកីឡាករដែលមានអាយុក្រោម២១ឆ្នាំ នៅក្នុងព្រឹត្តិការណ៍ Asian Cup, Van Hau គឺជាកីឡាករដែលបានបង្ហាញខ្លួនច្រើនជាងគេជាមួយក្រុមជម្រើសជាតិវៀតណាម ពោលគឺចំនួន១១លើក។ ចាប់ពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះខ្សែការពារក្លឹប ​Hanoi FC លេងបាន៣៦ប្រកួត សម្រាប់ក្រុម U-20, U-23 វៀតណាម។

សូមបញ្ជាក់ថា ក្នុងពានរង្វាន់នេះ វៀតណាម ស្ថិតនៅក្នុងពូល D ជាមួយអ៊ីរ៉ាក់, អ៊ីរ៉ង់ និងយេមែន៕

 

ប្រភព៖ Zing

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់