Xavi ទស្សន៍ទាយថា ជើងឯកពានរង្វាន់ AFC Asian Cup 2019 នឹងបានទៅប្រទេសដែលខ្លួនកំពុងប្រកបអាជីពជាមួយ

មាស សុផាណារ៉ុង January 2, 2019


អាស៊ី៖ អតីតខ្សែបម្រើឆ្នើមរបស់ក្លឹប Barcelona កីឡាករ Xavi Hernández បានបង្ហាញពីការព្យាករណ៍របស់ខ្លួនសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 ដែលនឹងចាប់ផ្តើមនៅក្នុងប្រទេសអារ៉ាប់រួម នៅថ្ងៃទី០៥ ខែមករា ខាងមុខ។

ការព្យាករណ៍នេះគឺខណៈពេលដែលរូបគេបានបញ្ចេញយោបល់របស់ខ្លួនជុំវិញការប្រកួត Asian Cup នៅលើបណ្តាញទូរទស្សន៍របស់កាតា Al Kass បន្ទាប់ពីបានផ្លាស់មកលេងនៅទ្វីបអាស៊ី ដោយចូលរួមជាមួយក្លិប Al Sadd ក្រោយការចាកចេញពី Barcelona នៅឆ្នាំ២០១៥ Xavi បានទស្សន៍ទាយថាក្រុមជម្រើសជាតិកាតា នឹងលើកពាននេះ នៅថ្ងៃទី០១ កុម្ភៈ ដែលជាថ្ងៃផ្ដាច់ព្រ័ត្រ ហើយកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះជឿជាក់ថាពួកគេនឹងទទួលបានជ័យជម្នះលើជប៉ុន ក្នុងវគ្គផ្តាច់ព្រ័ត្រ។

Xavi Hernández ក៏បានទស្សន៍ទាយពីវគ្គ៨ក្រុមចុងក្រោយផងដែរររួមមាន ស៊ីរី, ជប៉ុន, ចិន, អ៊ីរ៉ង់, អូស្ត្រាលី, អារ៉ាប់រួម, សាធារណរដ្ឋកូរ៉េ និងកាតា។ ខ្សែបម្រើរូបនេះគិតថាក្រុមជម្រើសជាតិកាតា នឹងធ្វើបានល្អប្រសើរលើ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង មុនពេលឡើងទៅជួបអូស្រ្តាលីនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ផ្ទុយទៅវិញ សម្រាប់ជម្រើសជាតិជប៉ុន យោងទៅតាម Xavi ព្យាករណ៍ដដែល នឹងយកឈ្នះស៊ីរី នៅក្នុង៨ក្រុមចុងក្រោយ មុនបន្តផ្តួល អ៊ីរ៉ង់ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ គួរបញ្ជាក់ថា តាមគម្រោងពានរង្វាន់នេះគឺគ្រោងនឹងប្រព្រឹត្តិទៅរយៈពេលជិត១ខែ ពោលគឺនឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែមករា ហើយនឹងបញ្ចប់នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានប្រទេសសរុបចំនួន២៤ចូលរួម នៅក្នុងជុំផ្ដាច់ព្រ័ត្រនេះ នឹងត្រូវបែងចែកចេញជា៦ពូល ក្នុង១ពូលមាន៤ក្រុម ធ្វើការប្រកួតវិលជុំសន្សំពិន្ទុ ហើយក្រុមលេខ១ និងលេខ២ នឹងឡើងទៅវគ្គបន្ត បូកជាមួយក្រុមលេខ៣ ល្អចំនួន៤ក្រុមបន្ថែមទៀតដើម្បីផ្គូរផ្គងប្រកួតក្នុងវគ្គចាញ់ធ្លាក់ ចាប់ពី១៦ក្រុមចុងក្រោយ ដល់វគ្គផ្ដាច់ព្រ័ត្រ៕

រង់ចាំមើលថាតើការទស្សន៍ទាយរបស់ Xavi Hernández ពិតជាត្រឹមត្រូវមែនដែរឬទេ?

 

ប្រភព៖ foxsportsasia

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់