ការប្រកួតរវាង Inter និង Napoli យប់មិញមានទាំងអ្នកស្លាប់ និងការរើសអើងពូជសាសន៍

មាស សុផាណារ៉ុង December 28, 2018


អ៊ីតាលី៖ ការប្រកួតក្របខណ្ឌ Serie A រវាង Inter Milan និង Napoli កាលយប់ថ្ងៃពុធទី២៦ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញមានរឿងហេតុអាក្រក់ដល់ទៅ២ ដោយមានទាំងអ្នកស្លាប់ និងការរើសអើងពូជសាសន៍។

រឿងអាក្រក់ទាំង២នោះគឺ អ្នកគាំទ្របាល់ទាត់ជនជាតិអ៊ីតាលីម្នាក់បានបាត់បង់ជីវិតដោយសាររបួសក្រោយត្រូវបានឡានបើកប៉ះអំឡុងអំពើហិង្សាមុនការប្រកួត ដែលមានរថយន្តខ្នាតតូចប្រហែល១០គ្រឿងដឹកអ្នកគាំទ្រ Napoli មកដល់ក្បែរកីឡដ្ឋានមុនការប្រកួត១ម៉ោង។ រថយន្តទាំងនោះត្រូវបានហ៊ុំព័ទ្ធដោយមនុស្សជាង១០០នាក់ប្រដាប់ដោយដំបង។ មនុស្ស២នាក់ត្រូវបានឃើញរថយន្តផ្ដួលហើយម្នាក់ក្នុងចំណោមនោះរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ដោយឡែក ខ្សែការពារជម្រើសជាតិសេណេហ្គាល់ Kalidou Koulibaly របស់ Napoli រងការបំពានជាតិសាសន៍ពីសំណាក់អ្នកគាំទ្ររបស់ពួកគេ ពោលគឺ Kalidou បាន​សាង​កំហុស​លើ​កីឡាករ​ Inter បន្ទាប់​មក​ក៏​មាន​ការ​ស្រែក​បែប​រើសអើង​ពូជសាសន៍​ពី​សំណាក់​អ្នក​គាំ​របស់​ក្រុម​ម្ចាស់​ផ្ទះតែម្ដង។ ជាមួយគ្នានេះ ក្លឹប Inter Milan នឹង​​ប្រកួត​លីគ​ក្នុង​ផ្ទះ​២​ប្រកួត ដោយ​គ្មាន​អ្នក​​គាំទ្រ​ចូល​ទស្សនា ក្រោយ​មាន​ការ​រើសអើង​ពូជសាសន៍​លើ Kalidou រូបនេះ។

ក្នុងការប្រកួតនេះ បានបញ្ចប់ទៅដោយ ម្ចាស់ផ្ទះ Inter Milan ឈ្នះ Napoli ១ទល់០៕

 

ប្រភព៖ BBC

អត្ថបទ៖ ណារ៉ុង

មតិយោបល់